តើបាតុភាពដែលនគរបាលចរាចរណ៍ ចុះអនុវត្តចាប់ខ្លួនបុរសម្នាក់ ផ្តើមចេញពីរឿងអ្វី?

(ភ្នំពេញ)៖ ករណីនេះជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ផ្លូវប្រសព្វលេខ៥២៨ និងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យក្មេងស្រីជំទង់ម្នាក់ដែលជិះម៉ូតូបាក់ដៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពេលនោះលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរណ៍ ក៏ធ្លាប់បង្ហោះលើហ្វេសប៊ុករបស់លោក ឲ្យម្ចាស់ប្រេនមួយចូលខ្លួនដោះស្រាយរឿងបង្កគ្រោះថ្នាក់ចរាចរណ៍។
ក្រោយកើតហេតុអ្នកបើករថយន្ត បានបើកគេចមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ។ បន្ទាប់មក ម្តាយរបស់អ្នកបើករថយន្ត និងមេធាវី បានចូលខ្លួនដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់សំណងជូនយុវតីរងគ្រោះ ដែលបាក់ដៃម្ខាង។
នីតិវិធីបន្ទាប់នគរបាលជំនាញ បានសុំដីកាបញ្ជាឲ្យចូលខ្លួនពីតំណាងអយ្យការ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ១៥៥បេ ផ្លូវកប់ស្រូវ ភូមិឡោកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយបង្គាប់ឲ្យចូលខ្លួននៅការិយាល័យចរាចរណ៍ផ្លូវគោក ឲ្យបានមុនថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសាកសួរពាក់ព័ន្ធករណី «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសអ្នកដទៃ និងបើករថយន្តរត់គេចពីកន្លែងកើតហេតុ»។
ក្រោយទទួលបានដីកានេះ, នគរបាលចរាចរណ៍មួយក្រុម ដឹកនាំដោយនាយរងការិយាល័យចរាចរណ៍ម្នាក់ បានចុះអនុវត្តឃាត់ខ្លួន រហូតមានបាតុភាពកើតឡើង និងចែកចាយព្រោងព្រាតតាមបណ្តាញសង្គមប្រមាណ ២ ទៅ ៣ម៉ោង កាលពីល្ងាច និងយប់ថ្ងៃទី៦ ខែកញ្ញា។
ចុងក្រោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលទទួលផែនការងារចរាចរណ៍ បានចុះទៅសម្របសម្រួល និងដោះខ្នោះចេញពីដៃវិញ ក្រោយមានការធានាពីមេធាវី និងក្រុមគ្រួសារ នាំឈ្មោះ ស្រស់ ថាវ័ន្ត ចូលខ្លួនដោះស្រាយនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ។
តាមព័ត៌មាន, ភាគីអ្នកបើករថយន្តបង្ក ចរចាកន្លងទៅ យល់ព្រមសងសំណង១ម៉ឺនដុល្លារ ជូនជនរងគ្រោះ តែនៅលក្ខខណ្ឌខ្លះទៀតមិនទាន់ត្រូវគ្នា។

You might also like