ព័ត៌មានក្តៅគគុក] ដកតំណែងអធិការ និងអធិការរងនគរបាលស្រុកឈូក ឱ្យមកបញ្ឈរជើង នៅស្នងការដ្ឋានខេត្តកំពត ក្រោយដោះលែងអ្នកបើកបររថយន្តបុកមនុស្សស្លាប់ ២នាក់

ខេត្តកំពត៖ លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក និងលោកវរសេនីយ៍ទោ ឯក វ៉ាន្នី អធិការរងទទួលផែនសណ្តាប់ធ្នាប់ ត្រូវបានបញ្ជាឱ្យដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីវិន័យ បន្ទាប់ពីបង្ហាញការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ២ នាក់។

កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៣ (ភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក) បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗចំនួន ២ នាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនក្តៅក្រហាយនោះ គឺលោកអធិការ និងអធិការរង មិនបានយកចិត្តទុកដាក់ពិនិត្យហេតុការណ៍ឱ្យបានត្រឹមត្រូវឡើយ ហើយថែមទាំងសន្ធិដ្ឋានថា «រថយន្តមិនខុស» រួចសុំគោលការណ៍ដោះលែងអ្នកបើកបររថយន្តឱ្យជិះគេចខ្លួនបាត់ស្រមោល។
ដោយមានការសង្ស័យ លោកស្នងការនគរបាលខេត្តកំពត បានបញ្ជាឱ្យកម្លាំងជំនាញថ្នាក់ខេត្ត ចុះទៅវាស់វែង និងស្រាវជ្រាវឡើងវិញដោយផ្ទាល់។ លទ្ធផលបង្ហាញយ៉ាងច្បាស់ថា រថយន្តជាអ្នកខុសពិតប្រាកដ ដោយបានបើកចូលគន្លងខាងម៉ូតូរហូតដល់ ២តឹកកន្លះ (២៥សង់ទីម៉ែត្រ)។
ស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងបន្តនីតិវិធីចាត់វិធានការលើមន្ត្រីទាំង ២ រូបខាងលើ ព្រមទាំងបន្តស្រាវជ្រាវតាមចាប់ខ្លួនអ្នកបើកបររថយន្តបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

You might also like