សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោកស្រី គូឡា សូហ្វីអានូ (Koula Sophianou) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំង និងសម្តែង​ការគួរសមនៅវិមានសាមគ្គីភាព។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបទទួល​សារ​តាំងនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណា ព្រះមហាក្សត្រ បាន​សម្ដែង​ការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Koula Sophianou ដែលទទួល​បាន​ការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា។
សម្ដេចតេជោ បានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី នឹង​ចូលរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើន​បន្ថែមទៀត។
លោកស្រី Koula Sophianou បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាត​ឱ្យ​លោកស្រីចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកស្រី បានសម្ដែងការគោរព​ចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និង​អន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស៊ីប។
លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹង​ទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាស​ពង្រីកកិច្ចសហ​ប្រតិ​បត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យ​សេដ្ឋ​កិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី និង​បានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុច​សំខាន់​មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានលើក​ទឹកចិត្ត​ឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពា​ណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន។
សម្ដេចតេជោ ក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាព​បង្កើនការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច​រវាង​ប្រទេសទាំងពីរ៕

You might also like