ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពការពារព្រំដែន ទិសខេត្តឧត្តរមានជ័យ
ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចំណុះឱ្យយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លាដែលបានប្រគល់ជូននាឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន រួមមាន៖ អង្ករ, មីសួរ, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ឆៃប៉ូវ, ត្រីងៀត, សាច់ក្រកជ្រូក, កាហ្វេ, អូវ៉ាន់ទីន, កៅស៊ូតង់, ប្រេងឆា ព្រមទាំងថវិកាមួយចំនួនទៀត ដើម្បីចូលរួមសម្រួល និងឆ្លើយតបចំពោះតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពនៅសមរភូមិមុខ។
ក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវកតញ្ញូតាធម៌ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់ខ្ពស់របស់កងទ័ព ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈមោះមុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនមាតុភូមិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់បន្ថែមថា សកម្មភាពចុះសួរសុខទុក្ខនាពេលនេះ មិនត្រឹមតែជាការនាំយកជំនួយឧបត្ថម្ភសម្ភារជូនដល់កងទ័ពជួរមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាពឥតងាករេ និងភាពជាធ្លុងមួយនៃប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា «សមរភូមិក្រោយ តែងតែនៅជាប់ជាមួយសមរភូមិមុខជានិច្ច» ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនកម្ពុជាទូទាំងប្រទេស រង់ចាំជួយលើកទឹកចិត្ត និងគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងជួរមុខគ្រប់ពេលវេលា៕






