បង្ក្រាបជនសង្ស័យជាចោរកម្ម លួចគោ-ក្របី និងអ្នកទទួលផលចោរកម្ម ចំនួន០៤នាក់

ខេត្តក្រចេះ÷ ដោយអនុវត្តតាម បទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ , នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តការរយៈពេល ៣ថ្ងៃ ចាប់ពីទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ បំបែកសំណុំរឿងក្នុងអំពើលួចគោ-ក្របីយ៉ាងសកម្ម ០១ករណី ។
ក្នុងនោះមានមុខសញ្ញាប្រុស-ស្រីចំនួន០៤នាក់ រួមទាំងមុខសញ្ញាទទួលផលចោរកម្មផងដែរ សុទ្ឋតែជាមុខសញ្ញាសកម្ម និងមានទីលំនៅនៅខេត្តផ្សេងៗគ្នា ត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតីវិធីច្បាប់ ។ ក្នុងប្រតិបត្តការនេះនគរបាលក៏បានដកហូតវត្ថុតាងរួមមាន : គោ-ក្របីចំនួន១០ក្បាលផងដែរ ។
សូមបញ្ជាក់ថា: ក្រុមជនសង្ស័យប្រុស-ស្រីខាងលើនេះ ជាមុខសញ្ញាចាស់ក្នុងអំពើលួចគោ-ក្របីច្រើនករណីនៅក្នុងមូលដ្ឋានខេត្តក្រចេះកន្លងមក។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គោ ក្របីកន្លងមក សូមមកពិនិត្យភិនភាគ គោ ក្របី ដែលបានដកហូតនិងកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ៕

You might also like