មីងជាម្ចាស់ផ្ទះបើកអាជីវកម្មឈ្មោះ ‘’តាំង មុយលាង (ទីក្រុងសោរ)’’ ដែលបានជេរប្រមាថប្រជាពលរដ្ឋចតយានយន្តនៅលើចិញ្ចើមផ្លូវ បានទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈហើយ
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន! រដ្ឋបាលខណ្ឌទួលគោក សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ករណីម្ចាស់ផ្ទះឈ្មោះ តាំង មុយលាង (ទីក្រុងសោ) នៅផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលបានរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចតយានយន្តនៅលើចិញ្ចើមផ្លូវ និងជេរប្រមាថប្រជាពលរដ្ឋនោះ។
នៅពេលព្រឹកវេលាម៉ោង ៩ និង០០នាទី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំបញ្ជា និងប្រគល់ភារកិច្ចទៅលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះធ្វើកំណត់ហេតុអប់រំ បញ្ឈប់សកម្មភាពមិនសមរម្យ និងសុំទោសជាសាធារណៈ រួចហើយ។
ក្រុមការងារបានធ្វើការវាស់វែង និងបាញ់ថ្នាំកំណត់ដីកម្មសិទ្ធិជូនម្ចាស់ទីតាំងសម្រាប់ប្រកបអាជីវកម្ម ដើម្បីបញ្ឈប់សកម្មភាពរំលោភលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត។
បន្ទាប់ពីសមត្ថកិច្ចបានអប់រំណែំនាំរួចហើយ ម្ចាស់ទីតាំងខាងលើ បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ដោយសន្យាបញ្ឈប់សកម្មភាព ដូចបានប្រព្រឹត្តកន្លងមកទៀតហើយ។
អាស្រ័យហេតុនេះ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។






