ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ការត្រួតពិនិត្យវាយតម្លៃសមិទ្ធកម្ម និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទន្លេបាសាក់២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ការត្រួតពិនិត្យវាយតម្លៃសមិទ្ធកម្ម និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម តំណាងអាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងលោក-លោកស្រីជាគ្រូឧទ្ទេសនាមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម លើការងាររៀបចំ និងការត្រួតពិនិត្យវាយតម្លៃថវិកាសមិទ្ធកម្ម ព្រមទាំងការអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ផែនការអភិវឌ្ឍន៍ជាតិ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល៕






