សមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០៖៤៥នាទី ត្រង់ចំណុច ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីឃាតកម្ម កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណ ចំនួន៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពយកកាំបិត កាប់ទៅលើឈ្មោះ មុនី ព្រហ្មដានុត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ញឿន ចាន់អ៉ឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៥០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉ាន់ សុភី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។
ជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងធ្វើការសាកសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕






