ជនសង្ស័យដែលមានមុខរបរដឹកជញ្ជូនមានគ្នាចំនួន៣នាក់ ធ្វើសកម្មភាពប្លន់បានសម្រេច កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោវ៉ៃខ្នោះ និងយកម៉ូតូជូនជនរងគ្រោះវិញ

ភ្នំពេញ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើចំពាមកៅស៊ូបាញ់ជនរងគ្រោះបណ្តាលឱ្យរងរបួសស្រាល និងប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលេខ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ (ចំនួន ០២នាក់)៖
១. ឈ្មោះ ពុំ ចាន់នុត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូ ស្នាក់នៅផ្ទះ ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ… (ជាម្ចាស់ម៉ូតូ)។
២. ឈ្មោះ ម៉ូវ គីនីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូ ស្នាក់នៅផ្ទះ ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ(ជាអ្នកជិះម៉ូតូ និងរងរបួស)។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន (ចំនួន ០៣នាក់)៖
១. ឈ្មោះ ចន្ទី សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
២. ឈ្មោះ ឃីម រាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣. ឈ្មោះ ប៉ាត សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌដង្កោឃាត់ខ្លួននៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចបឹងឈូក ផ្លូវលំ ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
និងបានដកហូតម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ព៍ណខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1LW-0886 (ជារបស់ជនរងគ្រោះ)។
និងម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1Q-3492ចំនួន០១គ្រឿង។
កាំបិតបុ័ងតោ ចំនួន០១។
៤. ទូរសព្ទដៃ ម៉ាក iPhone ចំនួន០២គ្រឿង (ពណ៌ប្រផេះ ០១គ្រឿង និងពណ៌ទឹកសមុទ្រ ០១គ្រឿង ជាសម្ភាររបស់ជនសង្ស័យ)។
លោកវរៈសេនីយ៍ទោជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោបានបញ្ជាក់ឲ្យដឹងថា
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:៣០នាទី ជនរងគ្រោះឈ្មោះ ពុំ ចាន់នុត កំពុងធ្វើការនៅឃ្លាំងការ៉ូ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះ ឈ្មោះ ម៉ូវ គីនីន ភេទប្រុស អាយុ១៦ឆ្នាំ ដែលជាកម្មករធ្វើការជាមួយគ្នា បានមកសុំខ្ចីម៉ូតូរបស់ខ្លួនហើយជនរងគ្រោះក៏បានប្រគល់ម៉ូតូឱ្យទៅឈ្មោះ ម៉ូវ គីនីន ជិះ។
លុះដល់វេលាម៉ោង០៤:០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែឈ្មោះ ម៉ូវ គីនីន បានទូរសព្ទមកប្រាប់ជនរងគ្រោះថា «មានក្រុមជនសង្ស័យមានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញតាម និងយកចំពាមកៅស៊ូបាញ់ត្រូវចំខ្នងផ្នែកខាងស្តាំ បណ្តាលឱ្យដួលម៉ូតូ។ រួចក្រុមជនសង្ស័យក៏បានលើកយកម៉ូតូជិះគេចខ្លួនបាត់ នៅចំណុចផ្លូវលេខ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ» (នៅវេលាម៉ោង០៣:៥០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦)។
បន្ទាប់មក ជនរងគ្រោះឈ្មោះ ពុំ ចាន់នុត ក៏បានមកជួបឈ្មោះ ម៉ូវ គីនីន នៅកន្លែងកើតហេតុខាងលើ ដោយឃើញឈ្មោះ ម៉ូវ គីនីន រងរបួសលើខ្នងផ្នែកខាងស្តាំ និងដាច់រលាត់លើប្រអប់ដៃខាងឆ្វេង ទើបអ្នកទាំងពីរបានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងសុំឱ្យជួយស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់។លុះដល់វេលាម៉ោង១១:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ (១. ឈ្មោះ ចន្ទ៉ី សុជាតិ ២. ឈ្មោះ ឃីម រាក់ ៣. ឈ្មោះ ប៉ាត សំណាង) ត្រង់ចំណុចបឹងឈូក ផ្លូវលំ ស្ថិតនៅភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមមកប្រគល់ជូនអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។ក្រោយពេលដែលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទាំង០៣ នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកចំពាមកៅស៊ូបាញ់ទៅ លើឈ្មោះ ម៉ូវ គីនីន បណ្តាលឱ្យដួល រួចប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យនិងមានការសម្របសម្រួលពីលោកសេងរិទ្ធីព្រះរាជអាជ្ញារងនៃឯកាអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យនិងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសល់ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕

You might also like