ឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ បញ្ជូនទៅតុលាការ ក្រោយបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី ក្នុងបន្ទប់ទីចាត់ការ
ខេត្តបាត់ដំបង÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនខេត្តបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជានាយកសាលាបឋមសិក្សាម្នាក់ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី «ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស» លើកុមារីជាសិស្សសាលា។
ជនសង្ស័យមានឈ្មោះ ជឹង ចាន់ធឿន (ហៅ វិត) អាយុ ៥១ឆ្នាំ ជានាយកសាលាបឋមសិក្សាកូនភ្នំ៣២ រស់នៅឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមពាក្យបណ្តឹងរបស់អាណាព្យាបាលកុមារីរងគ្រោះអាយុ ១៣ឆ្នាំ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១៤:២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទីចាត់ការ រួចបង្ខំឱ្យលាត់អាវឡើងលើ ដោយយកខ្សែម៉ែត្រមកវាស់ដើមទ្រូង ប្រើដៃស្ទាប និងយកទូរស័ព្ទដៃថតរូបថែមទៀតផង។
ក្រោយទទួលបានបណ្តឹង កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិកូនភ្នំខាងត្បូង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពកំហុសថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពប្រទូស្តកេរខ្មាស និងថតរូបអាសអាភាសលើសិស្សស្រីរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យកំពុងស្ថិតក្នុងនីតិវិធីបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕






