ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យដូចភ្លៀងរលឹម
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បាននាំយកប្រេងឥន្ធនៈ ចំនួន ៤០០ លីត្រ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាទៅប្រគល់ជូនកងកម្លាំងចម្រុះ ប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទួលធម្មដែរ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រៃង ខេត្តសៀមរាប ក្នុងរយៈពេលជាងមួយសប្តាហ៍នៅក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៦កន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះ ដោយបានសហការល្អជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប និងកងកម្លាំងរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ និងប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យដូចភ្លៀងរលឹម ពិសេសឧបករណ៍ស្បៃមុង, ឧបករណ៍ឆក់ត្រីគ្រប់ប្រភេទ និងរបាំងស្បៃអួនក្រឡាញឹកខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដោយគ្មានការដកថយឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈចំនួន ៤០០ លីត្រ មានស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ជួសជុលកាណូត ដែលបានខូចខាតក្នុងពេលបំពេញភារកិច្ចនាពេលកន្លងទៅ។ ជាមួយនេះដែរ កងកម្លាំងចម្រុះទាំងអស់ បានប្ដេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការ ជូនសង្គមជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស៕






