កម្ពុជា ទាមទារនៅ UN ឱ្យថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព និងបើកផ្លូវឱ្យប្រជាពលរដ្ឋជាង ២០,០០០នាក់ វិលត្រឡប់លំនៅដ្ឋានវិញ
ញូវយ៉ក់៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ ខណៈកម្ពុជាបានដាក់ចេញនូវការទាមទារយ៉ាងមុតមាំលើកិច្ចព្រមព្រៀងសន្តិភាព និងបញ្ហាមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះជាង ២០,០០០នាក់។
ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ថ្លែងក្នុងវេទិកាអន្តរជាតិនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសុឆន្ទៈចំពោះរាល់ការព្រមព្រៀងគ្នា រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេស សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបង្កើតខ្សែព្រំដែនច្បាស់លាស់មួយស្របតាមច្បាប់អន្តរជាតិ។ បន្ថែមពីលើនេះ បញ្ហាមនុស្សធម៌គឺជាអាទិភាពដ៏សំខាន់ ដែលប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងពីកម្លាំងយោធាថៃ ដែលស្របតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេស អ.ស.ប. ថា ពួកគេសមទទួលបានសិទ្ធិវិលត្រឡប់ទៅផ្ទះវិញ។






