ទឹកជំនន់ នៅទីក្រុងបាងកក ធ្វើឱ្យប្រព័ន្ធព្រមានថ្មី «One Map» របស់ថៃ ស្ថិតក្រោមការត្រួតពិនិត្យ
ភ្លៀងធ្លាក់ខ្លាំង នៅទីក្រុងបាងកក និងខេត្តជុំវិញ ដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានហៅយ៉ាងទូលំទូលាយថាជា «ភ្លៀងគ្រប់បែក» បានចាប់ផ្តើមថមថយហើយ ប៉ុន្តែទឹកជំនន់នៅតែជន់លិចខ្លាំង នៅក្នុងសហគមន៍មួយចំនួន ហើយបញ្ហានេះបានបង្កឱ្យមានការត្រួតពិនិត្យឡើងវិញទៅលើប្រព័ន្ធព្រមាន អំពីគ្រោះមហន្តរាយ និងការគ្រប់គ្រងទឹករបស់រដ្ឋាភិបាល។
ទឹកជំនន់នេះបានបង្កឱ្យមានការរិះគន់លើរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជាពិសេសពាក់ព័ន្ធនឹងល្បឿននៃការជូនដំណឹងព្រមានដល់សាធារណជន និងការផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។ ទីក្រុងបាងកកបានកត់ត្រាកម្រិតទឹកភ្លៀងជិត ៣០០មីលីម៉ែត្រ ក្នុងរយៈពេលប្រហែល ៤៨ម៉ោង អំឡុងពេលភ្លៀងធ្លាក់ខ្លាំងបំផុត ដែលជំរុញឱ្យទីក្រុងប្រកាសថា ខណ្ឌទាំង ៥០ របស់ខ្លួន សុទ្ធតែជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ។
ការរិះគន់មិនបានផ្តោតលើថា តើអាជ្ញាធរអាចទប់ស្កាត់ការធ្លាក់ភ្លៀងខ្លាំងនោះបាន ឬអត់ទេ ប៉ុន្តែផ្តោតលើថា តើការព្យាករ ទិន្នន័យ បុគ្គលិក និងធនធានសង្គ្រោះបន្ទាន់ដែលមានស្រាប់ ត្រូវបានប្រមូលផ្តុំគ្នាបានលឿនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការខូចខាតដែរ ឬទេ។
ឧបនាយករដ្ឋមន្ត្រី លោក Songsak Thongsri ដែលជាប្រធានកិច្ចប្រជុំគណៈកម្មាធិការធនធានទឹកជាតិ បានថ្លែងមុនពេលមានទឹកជំនន់ខ្លាំងបំផុតថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងកើតឡើងនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ប៉ុន្តែការវាយតម្លៃជាផ្លូវការមិនបានបង្ហាញពីសញ្ញានៃការមាន «ទឹកជំនន់ដ៏ធំសម្បើម» នោះទេ។ ដូច្នេះ ទឹកជំនន់ដែលបានកើតឡើងជាបន្តបន្ទាប់នេះ បានបង្កជាសំណួរថា តើបញ្ហានេះបណ្តាលមកពីអាកាសធាតុដ៏អាក្រក់ខុសប្រក្រតីតែម៉្យាង ឬក៏បណ្តាលផងដែរមកពីរបៀបដែលស្ថាប័ននានា បានបកស្រាយ ទាក់ទង និងចាត់វិធានការ ផ្អែកលើព័ត៌មានដែលមានស្រាប់។
ការយកចិត្តទុកដាក់មួយផ្នែក បានងាកទៅរកប្រព័ន្ធផ្ដល់ព័ត៌មាន អំពីទឹក និងគ្រោះមហន្តរាយ គឺ «One Map» របស់ថៃដែលទើបដាក់ឱ្យដំណើរការថ្មីៗនេះ ជាប្រព័ន្ធដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីដោះស្រាយបញ្ហាមានជាយូរមកហើយទាក់ទងនឹងទិន្នន័យដែលមិនស៊ីសង្វាក់គ្នា និងមិនមានការឯកភាពគ្នា រវាងស្ថាប័នរដ្ឋាភិបាលនានា៕






