មនុស្សម្នាក់ស្លាប់ និង ១១នាក់រងរបួស ខណៈអាកាយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីត រងការវាយប្រហារម្តងទៀត
អាកាសយានដ្ឋានដ៏សំខាន់របស់អារ៉ាប៊ីសាអ៊ូឌីត បានរងការវាយប្រហារម្តងទៀត ពីសំណាក់ក្រុមឧទ្ទាមហ៊ូទី កាលពីថ្ងៃអាទិត្យ (ទី១១ ខែតុលា ឆ្នាំ២០២៦) ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើទីតាំងនេះ បានសម្លាប់មនុស្ស ១២នាក់ និងបង្កើនសម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ខណៈដែលខ្លួនកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីជំរុញការវិនិយោគពីបរទេស។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់អារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងថា មនុស្សម្នាក់ដែលជាជនជាតិប៉ាគីស្ថាន បានបាត់បង់ជីវិត និង ១១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ ខែតុលា លើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ។
អាជ្ញាធរនេះបានបន្ថែមថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតសម្ភារៈ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការវាយតម្លៃ។ ក្រុមហ៊ូទីបានប្រកាសទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារទាំងនេះ ដោយអះអាងថា នេះគឺជាការឆ្លើយតបទៅនឹង «ការឈ្លានពានរបស់អារ៉ាប៊ីសាអ៊ូឌីត»។
សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់មីស៊ីលមួយគ្រាប់ នៅជិតទីតាំងដដែលនោះ ក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអ៊ូឌីត។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារលើអាកាសយានដ្ឋាន King Khalid កាលពីថ្ងៃទី១០ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងតិច ១២នាក់ និងធ្វើឱ្យមនុស្សជាង ៣០០នាក់រងរបួស ដោយការវាយប្រហារនោះត្រូវបានចាត់ទុកថា ជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ៕






