គណៈកម្មការផ្សះផ្សានៃUNCLOS តម្រូវឱ្យភាគីកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សារហូតដល់គណៈកម្មការចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ

ឡាអេ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព (ICJ) ទីក្រុងឡាអេនឹងមិនមានការផ្សាយជាសាធារណៈនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធី ដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តម្រូវឱ្យភាគីទាំងពីរជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់ព័ត៌មានថ្មីៗពាក់ព័ន្ធ ក្នុងពេលវេលាសមស្រប និងថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់របស់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់៕

You might also like