បង្ក្រាបបទល្មើសនេសាទខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកសារព័ត៌មាន ២នាក់ និងអ្នកបើកទូកម្នាក់ ករណីជំរិតទារប្រាក់ពីប្រជានេសាទ

កំពង់ឆ្នាំង÷ កងកម្លាំងយោធាបង្ក្រាបបទល្មើសនេសាទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានចំនួន ២នាក់ និងអ្នកបើកទូកម្នាក់ (ជាប្រជាពលរដ្ឋ) ពាក់ព័ន្ធករណីជំរិតទារប្រាក់ចំនួន ១.៦០០.០០០ រៀល (មួយលានប្រាំមួយសែនរៀល) ពីប្រជានេសាទ ជាថ្នូរនឹងការមិនរាយការណ៍ ឬផ្សព្វផ្សាយអំពីសកម្មភាពនេសាទខុសច្បាប់។

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប និង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
​យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយោធាបានឱ្យដឹងថា ដើមហេតុនៃកិច្ចប្រតិបត្តិការឃាត់ខ្លួននេះ គឺផ្តើមចេញពីប្រជាពលរដ្ឋចំនួន ២នាក់ រស់នៅក្នុងស្រុកជល់គីរី ដែលបានប្រព្រឹត្តបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ «ដាយ» កាត់ព្រែក ដែលជាឧបករណ៍ខុសច្បាប់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆាជាតិ។ នៅពេលឃើញសកម្មភាពនេះ ក្រុមអ្នកសារព័ត៌មានខាងលើ រួមជាមួយអ្នកបើកទូក បានធ្វើសកម្មភាព ជំរិតទារប្រាក់ពីក្រុមអ្នកនេសាទល្មើសច្បាប់ជាថ្នូរនឹងការលុបបំបាត់ព័ត៌មាន មិនរាយការណ៍ជូនអាជ្ញាធរ ឬមិនផ្សព្វផ្សាយជាសាធារណៈ។
​បន្ទាប់ពីទទួលបានព័ត៌មាន និងការប្តឹងផ្តល់ កម្លាំងសមត្ថកិច្ចយោធាបានអន្តរាគមន៍ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់បានភ្លាមៗនៅនឹងកន្លែងកើតហេតុ។
​ ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទនាំខ្លួនទៅសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
​ដោយឡែក ពាក់ព័ន្ធនឹងភាគីអ្នកនេសាទដែលបានប្រព្រឹត្តបទល្មើសប្រើប្រាស់ឧបករណ៍ «ដាយ» កាត់ព្រែក បង្កការខូចខាតដល់សម្បត្តិធម្មជាតិនោះ មហាជន និងមជ្ឈដ្ឋានជុំវិញកំពុងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចនឹងហៅខ្លួនមកសាកសួរ និងអនុវត្តទោសទណ្ឌតាមច្បាប់ស្តីពីជលផល ដូចករណីក្រុមអ្នកសារព័ត៌មាននេះដែរឬយ៉ាងណា៕

You might also like