និស្សិតពេទ្យឆ្នាំទី៦ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក PCX ត្រូវរថយន្តវីរៈប៊ុនថាំមួយគ្រឿង បុកពីក្រោយយ៉ាងពេញទំហឹង

ភ្នំពេញ៖ និស្សិតពេទ្យឆ្នាំទី៦ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក HONDA PCX ត្រូវរថយន្តវីរៈប៊ុនថាំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3G-5552 បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងថ្នល់ ខណៈម៉ូតូគាបជាប់ពីមុខរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួនទាំងម៉ូតូជាប់នឹងរថយន្ត រហូតទៅដល់ទីតាំងស្ងាត់មួយ ទើបចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យ វាស់វែង និងយកម៉ូតូ ព្រមទាំងរថយន្តទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕

You might also like