សម្ដេចតេជោ ហ៊ុន សែន ​៖ ឆ្កែបានជិះរទេះ! ស្នើសុំលើកលែងទោសឲ្យ​ខ្លួន និងក្រុមខ្លួន តើ​ទទួល​ស្គាល់​ថា ​ខ្លួនមានទោសមែនទេ?

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ​តាមរយៈ​បណ្ដាញសង្គម​ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធាន​ក្រុម​​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារមួយ​ដោយ​ដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។
ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖ «ឆ្កែបានជិះរទេះ! កាលពីក្មេង​ខ្ញុំ​ឃើញ​ឆ្កែ​ខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើង​ជិះ​រទេះឃើញ​វា​ធ្វើ​មុខ​បែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបាន​ជិះរទេះ​សម្រាប់​មនុស្ស​ណា​ដែល​មាន​ចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់​ជាមួយ​អាម្នាក់​ធ្លាប់​ជាប់​គុក​ដែល​ខ្ញុំ​ហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃ ព្រំកម្ពុជា-ថៃ ដែល​អាគុក​វា​ចោទ​ថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ ឈ្មោះវាអាគុក​មួយ​នេះ​ធ្វើ​ចរិត្តដូចឆ្កែ បានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើក​លែង​ទោសមានន័យថា​ទទួលស្គាល់ថាខ្លួនមានទោសមែនទេ​អាគុក?
សំដី​បៀប​នេះ​ខ្ញុំ​ប្រើ​តែ​ជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ »
គួររម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានចេញសារលើបណ្ដាញសង្គមដោយផ្ដល់ឱកាសមាស និងធានាសុវត្ថិភាព ក៏​ដូច​ជា​ចំណាយ​ផ្សេងៗ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញ​ព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទ​ប្រកាន់​ត្រង់​តែ​ម្ដង​ទៅ​លើ​មន្ត្រី​ជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដោយ លោក អ៊ុំ សំអាន លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទ​ប្រកាន់​ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃ​គណៈ​កម្មាធិការ​ព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។
លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន តាមរយៈអន្តរការី​បាន​ផ្ញើលិ​ខិត​មួយច្បា​ប់ជូ​នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅក្នុងលិខិតដែលប្រើឡូ​ហ្គោរដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​ និងស្នើ សម្ដេចនាយករដ្ឋមន្ត្រី ធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំង​លើក​លែង​ទោស​ដល់​ប្រតិភូបក្សប្រឆាំងរបស់លោក៕

You might also like