ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ ក៏ដូចជាបានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី IWAMA Nozomi ប្រធានថ្មី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីសំណេះសំណាល និងសិក្សាស្វែងយល់ដោយផ្ទាល់អំពីសមិទ្ធផលក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន (Japan ODA) លើវិស័យធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូថា ប្រទេសកម្ពុជា និងជប៉ុន មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ និងកត់ត្រាទុកនូវគុណបំណាច់យ៉ាងធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់លោកស្រីប្រធាន JICA ថ្មី ឱ្យទទួលបានជោគជ័យក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា និងជូនពរដល់លោកប្រធាន JICA បច្ចុប្បន្ន ទទួលជោគជ័យក្នុងការបំពេញភារកិច្ចថ្មីនៅពេលធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសជប៉ុនវិញ។
សូមជម្រាបថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បាននិងកំពុងបន្តជួយគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា លើគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៤ និងគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ខាងមុខ៕






