ទឹកជំនន់ជន់លិចភូមិពីរនៅឃុំជ្រៃលាស់ ខេត្តកណ្ដាល អាជ្ញាធរស្រុកបានរូតរះជួយសង្គ្រោះពលរដ្ឋភ្លាមៗ
(កណ្ដាល)៖ ជំនន់ទឹកភ្លៀងបាន និងកំពុងជន់លិចភូមិចំនួនពីរ នៃឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១៥០គ្រួសារកំពុងលិចលង់។ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុក កំពុងរូតរះចុះជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
លោក អ៊ូច សៅវឿន អភិបាលស្រុក បានថ្លែងបញ្ជាក់ថា ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកតាំងពីយប់មិញមកម្ល៉េះ គួបផ្សំពីការហូរមកពីខាងខេត្តកំពង់ស្ពឺផងនោះ ទើបបណ្ដាលឲ្យមានការជន់ជោរយ៉ាងលឿនរហ័ស។ ខណៈនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសកុមារ ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។
លើសពីនេះ កម្លាំងសមត្ថកិច្ចស្រុកក៏បានសស្រាក់សស្រាំជួយយកចិត្តទុកដាក់ដឹកជញ្ជូនកុមារ មនុស្សចាស់ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសម្ភារៈរបស់ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរក៏បានជួយសង់ជម្រកបណ្ដោះអាសន្នជូនពួកគាត់ ដើម្បីធានាបាននូវសុវត្ថិភាព និងការរស់នៅបណ្ដោះអាសន្នរហូតដល់ស្ថានភាពទឹកស្រកចុះ៕






