ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈសកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នោះមានសភាពធ្ងន់ធ្ងរ និងប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។
ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មានអំពីបច្ចុប្បន្នភាពនៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ការបើកប្រតិបត្តិការបង្ក្រាបទ្រង់ ទ្រាយធំចុងក្រោយ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី ដែលករណីនេះតុលាការបាននិងកំពុងបន្តនីតិវីធីច្បាប់ចំពោះជនល្មើសដែលមិនរាងចាល និងមេខ្លោងមួយចំនួន។
បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុន ដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសស្របច្បាប់ ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ យកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាបសារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដី និងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាននិងសង្គម។ ជុំវិញករណីខាងលើ ថ្មីៗនេះមានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានតវ៉ា និង ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិបតេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្តែងនោះទេ ដោយក្រសួងកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្តារស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
បញ្ហានេះក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។ ក្រសួងនឹងបន្តជំរុញ និងគាំទ្រចំពោះអាជីវកម្មរ៉ែស្របច្បាប់ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការបង្កើតឱកាសការងារ ដោយផ្ទាល់និងដោយប្រយោល ការបង្កើនចំណូលថវិកាជាតិ ការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងការចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
សូមរំលឹកថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកនិងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូង ជាអណ្តូងរ៉ែក្រោមដី។ សកម្មភាពនេះ ក្រសួងរ៉ែ និងថាមពលធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែកើតមាន ទោះបីមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព រ៉ែអនាធិបតេយ្យក៏ដោយ៕






