ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បន្តអញ្ជើញជាអធិបតីពិធីបិទ «វគ្គបណ្តុះបណ្តាលការងារគណបក្ស» ជូនក្រុមជំនួយការលេខាធិការដ្ឋាន និងផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជំហានទី២។
វិមាន៧មករា៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលអញ្ជើញជាអធិតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលការងារគណបក្ស» ជូនដល់ក្រុមជំនួយផ្នែកចំណុះចំនួន៧ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រមាណ ១ ០០០នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនបក្សថ្នាក់កណ្តាលជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានរំលឹកអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៦) ដែលមកដល់បច្ចុប្បន្ននេះមានអាយុកាល ៣៥ ឆ្នាំ ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបានផ្តើមចេញពីជំនួបចរចារវាងសម្តេចតេជោ និងសម្តេចព្រះនរោត្តមសីហនុដែលគេតែងនិយាយថា(ជំនួបសីហនុ–ហ៊ុនសែន) ថ្ងៃទី២ ខែធ្នូឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង។ បើគ្មានជំនួបសីហនុ –ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ ទម្រាំទទួលបានកិច្ចព្រមព្រៀងនេះ ចំណាយពេល១,៤២១ថ្ងៃ ត្រូវជា២០៣សប្តាហ៍ ស្មើនឹង៤៦ខែនិង២១ថ្ងៃ ឬ ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។
បន្ទាប់មក ឯកឧត្តមបណ្ឌិតប្រធាន ក៏បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្រ្តត្រីកោណដែលគោលនយោបាយយុទ្ធសាស្រ្តដ៏មុតស្រួចរបស់ សម្តេចតេជោ ដែលបានដាក់ចេញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងគោលបំណងស្រោចស្រង់កម្ពុជាឲ្យចាកចេញពីមហន្តរាយនៃសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ។យុទ្ធសាស្រ្តត្រីកោណ គឺជាទស្សនៈវិជ្ជាដឹកនាំដ៏ជ្រាលជ្រៅបំផុត ដែលមុំទាំងបីមានអន្តរសកម្មភាពទៅវិញទៅមក ក្នុងនោះមាន៖ មុំទី១.សន្តិភាព មុំទី២.សមាហរណកម្ម និងមុំទី៣.ការអភិវឌ្ឍ។ យុទ្ធសាស្រ្តត្រីកោណ គឺជាមូលដ្ឋានគ្រឹះដំបូងបំផុត សម្រាប់ការកសាងជាតិឡើងវិញពីបាតដៃទទេ និងពីគំនរផេះផង់ ក្រោយជ័យជម្នះនៃនយោបាយឈ្នះ-ឈ្នះ។
មុននឹងបញ្ចប់ ក្នុងនាមគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់នូវជំនួយស្មារតី និងការតម្រង់ទិសមួយចំនួនដល់សមាជិក សមាជិកាទាំងអស់ដើម្បីប្រែក្លាយចំណេះដឹងពីទ្រឹស្តី ឱ្យទៅជាសមត្ថភាពពិត និងលទ្ធផលការងារជាក់ស្តែង។
ឯកឧត្តមបណ្ឌិតប្រធាន លើកទឹកចិត្តឲ្យសមាជិក សមាជិកាទាំងអស់ បន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅកាន់សហការី និងយុវជនដទៃទៀត ដើម្បីរួមគ្នាប្រែក្លាយ «ចំណេះដឹង ទៅជាសមត្ថភាព, សមត្ថភាព ទៅជាសកម្មភាព និងសកម្មភាព ទៅជាសមិទ្ធផលជាក់ស្តែងនៅក្នុងសង្គមជាតិ» ។







