ជនសង្ស័យម្នាក់ នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន ខណៈជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿនបានសម្រេចយកទៅលាក់ទុក នៅក្នុងចំការស្វាយមួយកន្លែង ។ ហើយត្រូវបានតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនប្តឹងឱ្យនគរបាលអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ ។
ឃាត់ខ្លួនជនសង្ស័យបានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក នៅក្នុងចំការស្វាយមួយកន្លែងក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រិន តារា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកភ្នំស្រួច បានបន្តឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីឈ្មោះ សេង គឹមផេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្តឹងជនសង្ស័យចំនួន១នាក់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ប្រវែង៤០ម៉ែត្រ និងម៉ូទ័របូមទឹករបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន(មើលតាមកាមេរ៉ាសុវត្ថិភាព) ភ្នំពេញ- ព្រះសីហនុ ចំនុច K87+400 ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនចូលព្រៃចម្ការបាត់ ។
នគរបាលស្រុកភ្នំស្រួច បានបន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បានធ្វើការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យចំនួន១នាក់ មានឈ្មោះ រិន តារា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល យកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មដូចបានរៀបរាប់ខាងលើពិតប្រាកដមែន ។
ក្រោយឃាត់ខ្លួននគរបាលធ្វើការដកហូតវត្ថុតាង៖
-កាំបិតផ្គាក់ចំនួន២ដើម
-កាំបិតប៉័ងតោចំនួន២ដើម
-ពូថៅចំនួន១ដើម
-ជំពាមកៅស៊ូចំនួន១
-ភ្លើងកែវចំនួន១។
ជាមួយគ្នានោះដែរ ចំពោះខ្សែភ្លើង ដែលជនសង្ស័យលួចកាត់នោះ បានប្រគល់ជូនតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនវិញហើយ ។
ក្រោយឃាត់ខ្លួនជនសង្ស័យនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប៕

You might also like