កម្លាំងនគរបាលខណ្ឌសែនសុខ បង្រ្កាបបានជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ ៣គ្រឿង នៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងអំពើកាប់ប្លន់យកម៉ូតូ ៣គ្រឿង នៅខេត្តស្វាយរៀង។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ។
ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលព័ត៌មាន និងមានការសហការពីជំនាញអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ និងបានស្រាវវជ្រាវការងារតាមជំនាញ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងម៉ូតូ ៣គ្រឿង ម៉ាកសេ125 ហុងដាឌ្រីម ២គ្រឿង គ្មានស្លាកលេខ និង ១គ្រឿងទៀតមានស្លាកលេខ ពោធិ៍សាត់ 1N 1914 មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។
ជនសង្ស័យទាំង០៣ បានឆ្លើយសារភាពថា ម៉ូតូទាំង ៣គ្រឿង ខ្លួននឹងបក្ខពួកមានគ្នាច្រើននាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប កាលពីថ្ងៃទី២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ និង ០១គ្រឿងទៀតជាមធ្យោបាយធ្វើសកម្មភាពកាប់ប្លន់ហើយម៉ូតូ ១គ្រឿងនេះ ដែលជិះធ្វើសកម្មភាព ក៏ត្រូវបានជនសង្ស័យកាប់ប្លន់ពីជនរងគ្រោះផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប្រគល់ជូនសមត្ថកិច្ចខេត្តស្វសយរៀងដើម្បីបន្តនិតិវិធី៕

You might also like