គណៈប្រតិភូនាយទាហាននៃវិទ្យាស្ថានពេទ្យយោធា នៃក្រសួងការពារប្រទេសវៀតណាមទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ

ភ្នំពេញ ៖ គណៈប្រតិភូនាយទាហាននៃវិទ្យាស្ថានពេទ្យយោធា នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ TRAN VIET TIEN នាយកវិទ្យាស្ថាន និងសមាជិកសរុបចំនួន០៧រូប បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
យោធិនអង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ និងមានការធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូអំពីប្រវត្តិសាស្ត្រនៃដំណើរជាតិកម្ពុជា ពិសេសដំណើរការសង្រ្គោះជាតិ ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
គណៈប្រតិភូក៏បានសិក្សាអំពីអត្ថន័យ និងបុព្វហេតុនៃការសាងសង់វិមានឈ្នះ ឈ្នះ តាមរយៈចម្លាក់ សិលាចារឹក រូបភាព និងជាពិសេសសារមន្ទីរតេជោសន្តិភាពដែលជាការដាក់បង្ហាញជាតឹកតាង។
គណៈប្រតិភូនាយទាហានពេទ្យយោធាវៀតណាម បានសម្តែងនូវសេចក្តីសោមន្សរីករាយក្នុងការទស្សនាស្ថាបត្យកម្មដ៏មានអត្ថន័យ ពិសេសវីរៈដឹកនាំក្នុងការបញ្ចប់សង្រ្គាមរបស់ថ្នាក់ដឹកនាំកម្ពុជា ជាគំរូដ៏វិសេសវិសាលសម្រាប់អ្នកជំនាន់ក្រោយ៕

You might also like