ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អបអរសាទរ និងឧបត្ថម្ភលើកទឹកចិត្តសិស្សប្រឡងជាប់បាក់ឌុប៣១នាក់ នៅឃុំក្រាំងស្គារ

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានថ្លែងអបអរសាទរដល់ក្មួយៗទាំង៣១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥–២០២៦ និងថ្លែងអំណរគុណដល់មាតាបិតា ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំចិញ្ចឹមបីបាច់ អប់រំ ទំនុកបម្រុង និងបង្ហាត់បង្រៀនកូនចៅ រហូតទទួលបានជោគជ័យ។

ការថ្លែងនេះធ្វើឡើងក្នុងពិធីសំណេះសំណាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព។ ពិធីនេះមានសិស្សានុសិស្ស មាតាបិតា អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធចូលរួម សរុបជិត១០០នាក់។

បន្ទាប់ពីមតិរបស់លោកស្រីមេឃុំ និងថ្នាក់ដឹកនាំស្រុកទឹកផុស ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើឱ្យក្មួយៗបន្ត «រៀនហើយ រៀនទៀត រៀនមិនចេះចប់» ទាំងនៅសាលា នៅផ្ទះ និងក្នុងសង្គម។ ការជ្រើសរើសជំនាញសិក្សាបន្ត ត្រូវផ្អែកលើចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ ដោយកុំជ្រើសរើសតាមគ្នា ដើម្បីបង្កើនឱកាសទទួលបានការងារល្អ និងកសាងអនាគតរបស់ខ្លួន។ ចំពោះយុវជនដែលមានបំណងក្លាយជាមន្ត្រីល្អ ត្រូវមាន «ស៣» គឺ សុខភាព សមត្ថភាព និងសីលធម៌។

ឯកឧត្តមបណ្ឌិត ក៏បានពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេស និងភូមិសាស្ត្រនយោបាយអន្តរជាតិ ព្រមទាំងលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីឱ្យក្មួយៗស្វែងយល់ពីប្រវត្តិសាស្ត្រ និងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យក្មួយៗស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ចាប់ពីយុទ្ធសាស្ត្រត្រីកោណ ឆ្នាំ១៩៩៨–២០០៣ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ឆ្នាំ២០០៤–២០២៣ រហូតដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣–២០២៨។

ឯកឧត្តមបណ្ឌិត បានរំលឹកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ជាពិសេសវិស័យអប់រំ ដោយបញ្ជាក់ថា ការចង់ចូលរួមជួយរាជរដ្ឋាភិបាល ជួយគណបក្ស និងជួយជាតិ ត្រូវចាប់ផ្តើមពីការរៀបចំខ្លួនជាយុវជនគំរូ មានចំណេះដឹង សីលធម៌ វិន័យ និងការទទួលខុសត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានឧបត្ថម្ភដល់ក្មួយៗទាំង៣១នាក់ ដោយម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងភេសជ្ជៈ Champion Group ចំនួន៣កេស។ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះការសិក្សារបស់ក្មួយៗ និងជាកម្លាំងចិត្តឱ្យក្មួយៗបន្តខិតខំរៀនសូត្រ កសាងអនាគតរបស់ខ្លួន និងយកចំណេះដឹងទៅរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ និងប្រទេសជាតិ៕

You might also like