បុរសជាជនសង្ស័យម្នាក់ លួចម៉ូតូគេបានហើយ យកទៅថតបង្ហោះក្នុង Story Facebook ត្រូវបានម្ចាស់ឃើញ បានប្រើនារីៗឆាតទាក់ទងណាត់ជួប

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់លួចម៉ូតូគេបានហើយ យកទៅថតបង្ហោះក្នុង Story Facebook ត្រូវបានម្ចាស់ឃើញ បានប្រើនារីៗឆាតទាក់ទងណាត់ជួប ក៏ឈានដល់ការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។ ភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចទល់មុខផ្សារទំនើបអ៊ីអន៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ មុខ របរនៅផ្ទះ ស្នាក់នៅភូមិបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ ជា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះបានជិះម៉ូតូម៉ាក SUZUKI CROSS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1MI-7226 ជិះទៅទិញភេសជ្ជៈហូបនៅម្តុំផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្ស៊ី លុះទិញហើយ បានជិះម៉ូតូទៅលេងផ្ទះមិត្តភក្ដិ ដោយទុកម៉ូតូចោល ហើយភ្លេចដកកូនសោចេញពីម៉ូតូ និងបានចូលទៅក្នុងបន្ទប់មិត្តភក្ដិបាត់ លុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ មិនដឹងជនសង្ស័យម្នាក់ណាលួចនោះទេ ។
ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូមកវិញផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា ស្រាប់តែប៉ុន្មានថ្ងៃ នេះ មិត្តភក្តិរបស់ជនរងគ្រោះ បានឃើញរូបភាពម៉ូតូរបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យខាងលើ យកទៅបង្ហោះបង្អូត ក្នុង Story F acebook របស់ខ្លួន ទើបមិត្តភក្ដិរបស់ជនរងគ្រោះ បានយករូបភាពទៅបង្ហាញជនរងគ្រោះ ទើបដឹងថា ជាម៉ូតូរបស់ខ្លួនពិតប្រាកដមែន ។
តាមប្រភពដដែលបន្តទៀតថា ខាងជនរងគ្រោះបានរកល្បិចឱ្យនារីៗឆាតតាម facebook ញ៉ែជនសង្ស័យ ហើយបានណាត់ជួបជនសង្ស័យនៅទីតាំងនេះ ទើបចាប់ឃាត់ខ្លួនបានទាំងជនសង្ស័យ និងម៉ូតូរបស់ជនរងគ្រោះមកវិញ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឱ្យនគរបាលរដ្ឋបាលចាក់អង្រែក្រោមយកទៅសួរនាំផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានសួរនាំ ទើបដឹងថាករណីនេះបានកើតឡើងនៅខណ្ឌពោធិ៍សែនជ័យ ទើបនគរបាលរដ្ឋបាលចាក់អង្រែក្រោម ប្រគល់ករណីនេះអោយទៅខាងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ យកទៅសួរនាំអនុវត្តនីតិវិធីបន្ត ៕

You might also like