ក្រុមប៉ូលិសព្រហ្មទណ្ឌ បង្ក្រាបករណីផ្ទុះអាវុធ និងបោកគ្រាប់បែកនៅប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១០នាក់ និងដកហូតកាំភ្លើងខ្លី១ដើម

(បន្ទាយមានជ័យ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយប្រើប្រាស់អាវុធ និងគ្រាប់បែកដៃ នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០នាក់ និងដកហូតកាំភ្លើងខ្លី១ដើម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០:២២នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមជនសង្ស័យ២ក្រុម បានកាប់គ្នាទៅវិញទៅមក រួចមានសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ និងបោកគ្រាប់បែកដៃម៉ាក Model 82-2 ផលិតនៅប្រទេសចិន ចំនួន១គ្រាប់។
ក្រោយទទួលបានព័ត៌មាន អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បើកការស្រាវជ្រាវតាមនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន៧នាក់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
សរុបប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងនោះមានអនីតិជនមួយចំនួនផងដែរ និងដកហូតកាំភ្លើងខ្លីម៉ាក Sig Sauer P365 ចំនួន១ដើម ដែលរកឃើញនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like