រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ

(ចិន)៖ រដ្ឋមន្ត្រីការបរទេសចិន, រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ បានជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់គ្នាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ការការពារស្ថិរភាពក្នុងតំបន់ ព្រមទាំងការជំរុញវិធានការកសាងទំនុកចិត្ត និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងថៃ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលពិសាតែដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ជំនួបត្រីភាគីនេះ ត្រូវបានរៀបចំឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) លើកទី១១។ ក្នុងឱកាសនោះ ប្រមុខការទូតនៃប្រទេសទាំងបី បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយភាពស្ថាបនា ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរួម ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញការអនុវត្តវិធានការកសាងទំនុកចិត្ត សំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ កាន់តែមានភាពល្អប្រសើរឡើង៕

You might also like