ប៉ូលិសស្រុកកោះធំ ចាត់ការសិស្សថ្នាក់ទី៨ម្នាក់ ក្រោយបំពានវិន័យសាលា និងបង្កភាពអនាធិបតេយ្យ នៅក្រៅបរិវេណសាលា

(កណ្តាល)៖ ក្រោយមានការបង្ហោះវីដេអូពាក់ព័ន្ធនឹងសិស្សបង្កភាពអនាធិបតេយ្យនៅក្រៅបរិវេណសាលា កម្លាំងនគរបាលស្រុកកោះធំ បានចុះស្រាវជ្រាវ និងអនុវត្តវិធានការអប់រំណែនាំចំពោះសិស្សម្នាក់ដែលពាក់ព័ន្ធ។
យោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សឈ្មោះ រិទ្ធ វិរៈបុត្រ រៀនថ្នាក់ទី៨B នៃវិទ្យាល័យ ហ៊ុន សែន កំពង់កុង ត្រូវបានរកឃើញថា បានបំពានបទបញ្ជាផ្ទៃក្នុងសាលា និងបង្កភាពអនាធិបតេយ្យនៅមុខវត្តជ្រុងរមាស កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
ក្រោយការសហការរវាងនគរបាល និងគណៈគ្រប់គ្រងសាលា សិស្សរូបនេះត្រូវបានដាក់ពិន័យឱ្យធ្វើពលកម្មក្នុងបរិវេណសាលា ព្រមទាំងអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត ដោយមានការធានាពីអាណាព្យាបាលឱ្យយកទៅអប់រំបន្តនៅផ្ទះ។
វិធានការនេះជាការដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ឱ្យគោរពវិន័យសាលា ច្បាប់សង្គម និងចៀសវាងសកម្មភាពដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសគ្រឹះស្ថានសិក្សា៕

You might also like