លៀសចំនួនជាង ៤ តោន ថ្មីទៀត ត្រូវបានចាក់ព្រលែងចូលក្នុងបឹងទន្លេសាប ក្នុងកិច្ចប្រតិបត្តិការម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤

នៅវេលាម៉ោង ២ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង ស្រុកស្ទោង បានសហការជាមួយលោក ហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចាប់ឃាត់បទល្មើសនេសាទលៀសខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឈ្នាងអូសលៀសដោយម៉ាស៊ីន នៅតំបន់ខាងមុខបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្នុងកិច្ចប្រតិបត្តិការនេះ លោកអនុសេនីយ៍ឯក លុយ សុភាព និងលោក ហ៊ួន ផល បានបញ្ជាក់ថា៖ នៅវេលារំលងអធ្រាត្រម៉ោង ២ និង ៣០ នាទី ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ មានប្រជាពលរដ្ឋចំនួន ១៨ នាក់ ក្នុងនោះមានស្ត្រីមួយរូបផងដែរ បានកំពុងនេសាទលៀស ដោយប្រើប្រាស់ឈ្នាងអូសលៀសដោយម៉ាស៊ីនខុសច្បាប់ ដែលមានកាណូតបាឡាស្មាច់ ភ្ជាប់ដោយម៉ាស៊ីនចំនួន ៥ គ្រឿង ឈ្នាង និងកញ្ជ្រែងសម្រាប់រែងលៀសចំនួន ៤ គ្រឿង និងកាណូតមួយគ្រឿងសម្រាប់ផ្ទុកលៀសដែលនេសាទបាន ។ ក្រោយការសាកសួរពួកគាត់បានបញ្ជាក់ថា៖ គាត់មានទីលំនៅ នៅភូមិផ្សារឃ្លាំងក្រោម ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប តែបច្ចុប្បន្ននេះ ស្នាក់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្រោយការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច កងកម្លាំងចម្រុះបានអនុញ្ញាតអញ្ជើញឲ្យពួកគាត់វិលត្រឡប់ទៅកាន់មូលដ្ឋានវិញដោយសុវត្ថិភាព។ រីឯវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមបាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
នៅក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលពាមបាង បានចាក់លែងលៀសចំនួនជាង ៤,៥០០ គីឡូក្រាម ដែលបាននេសាទខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការហាមឃាត់ជាបណ្ដោះអាសន្នចំពោះអាជីវកម្មនេសាទលៀសគ្រប់រូបភាពនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចូលក្នុងបឹងទន្លេសាបវិញ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញសម្រាប់សង្គមជាតិយើង និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹមក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឲ្យទទួលបានជោគជ័យតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

You might also like