យុវជនជាប់កាតព្វកិច្ចយោធាទាំង ៥ពាន់នាក់ ចាប់ផ្តើមពិនិត្យសុខភាព និងកាយសម្បទា ខណៈពួកគេនឹងក្លាយជាយោធិនបម្រុងសម្រាប់ការពារជាតិ

ភ្នំពេញ៖ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅគ្រប់សាលាហ្វឹកហ្វឺនកងទ័ពទាំងអស់ បានកំពុង ធ្វើការពិនិត្យសុខភាព និងកាយសម្បទាដល់បេក្ខជនខ្មែរ ដែលជាប់ជាកាតព្វកិច្ចយោធា មុនចូលបំពេញកាតព្វកិច្ចយោធាពីសំណាក់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាខណៈយុវជនទាំងប្រាំពាន់នាក់នេះនឹងក្លាយជាយោធិនបម្រុងសម្រាប់ជាតិ ប្រកបដោយកាយសម្បទារឹងមាំ មានជំនាញ និងស្មារតីស្នេហាជាតិ។
បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការចូលបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា បានបង្ហាញពីភាពជាពលរដ្ឋ មានទំនួលខុសត្រូវ និងស្មារតីដឹងគុណ ចំពោះជាតិមាតុភូមិ ខណៈក្រសួងការពារជាតិបាននឹងកំពុងធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។
ទាក់ទងនឹងកាតព្វកិច្ចយោធានេះ ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ផងដែរថាការដាក់ឲ្យអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦នេះ គឺជាផ្នែកមួយដ៏សំខាន់ នៃកំណែទម្រង់កងទ័ព ហើយនឹងផ្ដល់មូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ ហើយពលរដ្ឋដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺន កាតព្វកិច្ចយោធា នឹងក្លាយជាធនធានមនុស្សក្នុងវិស័យការពារជាតិ ប្រកបដោយកាយសម្បទារឹងមាំ មានជំនាញ និងស្មារតីស្នេហាជាតិ ហើយកម្ពុជានឹងមានយោធិនបម្រុង ដែលមានការហ្វឹកហ្វឺនជំនាញយោធា ស្ថិតនៅក្នុងប្រព័ន្ធត្រៀមបម្រុង ដែលអាចប្រែក្លាយជាយោធិនអាជីពភ្លាមៗ នៅពេលប្រទេសជាតិប្រឈមនឹងសង្គ្រាមឈ្លានពានណាមួយ ។
សូមបញ្ជាក់ថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល២៤ខែ ហើយពួកគេនឹងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។ យុវជនដែលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត ដូចជាប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួនទៀតជាដើម។ ដោយឡែកសម្រាប់យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ៕

You might also like