ឥណ្ឌូណេស៊ី ប្រកាសមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ទៀត ជាជនសង្ស័យក្នុងសំណុំរឿងលួចស្ដាប់ទូរស័ព្ទប្រធានាធិបតី ខណៈភាពប្រេះឆានយោបាយកាន់តែស៊ីជម្រៅ
(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានប្រកាសរកឃើញមន្ត្រីជាន់ខ្ពស់ទី៤ ជាជនសង្ស័យក្នុងករណីចោទប្រកាន់ពីការលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទ របស់ប្រធានាធិបតី Prabowo Subianto ស្របពេលអាជ្ញាធរកំពុងបន្តស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៅពីក្រោយរឿងអាស្រូវនេះ ដែលបានលាតត្រដាងឱ្យឃើញពីភាពប្រេះឆាកាន់តែខ្លាំង រវាងប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតី លោក Joko Widodo។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណុំរឿងខាងលើ បានបង្កើនសម្ពាធបន្ថែមលើលោក Prabowo ខណៈការមិនពេញចិត្តរបស់សាធារណជន កំពុងកើនឡើងចំពោះគោលនយោបាយប្រជានិយម ដែលចំណាយថវិកាច្រើនរបស់លោក ហើយទំនុកចិត្តរបស់វិនិយោគិនលើប្រទេសមានសេដ្ឋកិច្ច ទំហំ ១,៥ទ្រីលានដុល្លារនេះ ក៏កំពុងធ្លាក់ចុះផងដែរ។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ូលិសឥណ្ឌូណេស៉ី បានប្រកាសឱ្យដឹងថា មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់ម្នាក់ទៀត ដែលមានឈ្មោះអក្សរកាត់ SU គឺជាជនសង្ស័យថ្មី ហើយបានឱ្យដឹងថា លោកធ្លាប់បម្រើការជា ប្រធានផ្នែកឃ្លាំមើលនៅទីភ្នាក់ងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌរបស់ឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានកំណត់អត្តសញ្ញាណមន្ត្រីរូបនេះថា គឺលោក Slamet Uliandi។
បើតាមការបបញ្ជាក់របស់លោក Suhermanto ដែលជានាយកអង្គភាពប្រឆាំងបទល្មើសតាមប្រព័ន្ធអ៉ីនធឺណិត ក្នុងសន្និសីទសារព័ត៌មានខាងលើ ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ថា លោក SU ដែលធ្លាប់ជាប្រធានអង្គភាពផ្នែកព័ត៌មានវិទ្យានិងបច្ចេកវិទ្យា នៅទីភ្នាក់ងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ គឺជាអ្នកអនុញ្ញាតឱ្យមានការលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទនេះ។
លោក Suhermanto បាននិយាយដូច្នេះថា «នៅពេលជនសង្ស័យ២នាក់ផ្សេងទៀត ត្រៀមលួចស្ដាប់ការសន្ទនា ពួកគេបានសុំការអនុម័តពីលោក SU។ ពួកគេក៏បានសុំការអនុម័តពីលោកផងដែរ មុនពេលលុបកំណត់ត្រានៃការស្ទាក់ស្តាប់ការទំនាក់ទំនង»។ លោក Suhermanto បានបន្ថែមថា លោក SU មិនទាន់ត្រូវបានឃាត់ខ្លួននៅឡើយទេ ដោយសារបញ្ហាសុខភាព។
មន្ត្រីប៉ូលិសជាន់ខ្ពស់សរុប៣នាក់ ត្រូវបានចាប់ខ្លួនរួចហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងនោះរួមមានទាំងអតីតអគ្គស្នងការប៉ូលិសជាតិ និងជាប្រធានខុទ្ទកាល័យរបស់លោក Prabowo គឺលោក Listyo Sigit Prabowo ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបុគ្គលដែលស្មោះស្ម័គ្រនឹងលោក Widodo។
ប៉ូលិសកំពុងបន្តស៊ើបអង្កេតពីមូលហេតុ នៅពីក្រោយការប៉ុនប៉ងលួចស្តាប់ការទំនាក់ទំនងរបស់លោក Prabowo ហើយមកដល់ពេលនេះ បានសាកសួរមន្ត្រីប៉ូលិសចំនួន ១៣នាក់ និងអ្នកជំនាញផ្នែកបទល្មើសនិងព័ត៌មានវិទ្យាចំនួន ៥នាក់។ អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៉ី លោក Trunoyudo Wisnu Andiko បាននិយាយថា អគ្គស្នងការប៉ូលិសជាតិ ក៏បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតសំណុំរឿងនេះផងដែរ។
គួរបញ្ជាក់ថា ទីក្រុងហ្សាការតា នៅបន្តមានសភាពស្ងប់ស្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ និងនៅថ្ងៃសុក្រនេះ បើទោះបីជាមាន ការដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ បន្ទាប់ពីរឿងអាស្រូវ នៃការលួចស្ដាប់ទូរស័ព្ទរបស់ប្រធានាធិបតី។ ទន្ទឹមគ្នា សមាជិកសភាឥណ្ឌូណេស៉ី ក៏កំពុងពិចារណាបើកការស៊ើបអង្កេតលើលក្ខណៈសម្បត្តិការសិក្សារបស់អនុប្រធានាធិបតី លោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសរបស់លោក Widodo ផងដែរ។ ការស៊ើបអង្កេតនេះ អាចជាជំហានដំបូងឆ្ពោះទៅរកការដករូបលោកចេញពីតំណែង៕






