ព្រោះតែភាពល្បីល្បាយរបស់ប្រាសាទអង្គរវត្ត ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង និងភរិយា អញ្ជើញទស្សនាប្រាសាទអង្គរតូចពេលព្រះសុរិយាអស្តង្គត

មុនចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកជំទាវទី១ បានអញ្ជើញបំពេញទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍មួយនៅប្រាសាទអង្គរវត្ត នៅពេលដែលថ្ងៃកំពុងលិច នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដំណើរទស្សនាប្រាសាទអង្គរវត្តមុនពេលឡើងយន្តហោះត្រលប់ទៅប្រទេសបារាំងវិញនេះ បានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ឯកឧត្តមប្រធានាធិបតីបារាំង ចំពោះវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសគឺភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរបុរាណ។

ក្រុមការងាររបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលនៅទីតាំងនោះ បានរាយការណ៍ឱ្យដឹងថា ឯកឧត្តមប្រធានាធិបតី និងភរិយា បានចំណាយពេលគយគន់សម្រស់ប្រាសាទអង្គរវត្ត ដែលត្រូវបានរំលេចដោយពន្លឺពណ៌មាសនៃព្រះអាទិត្យរៀបលិច បង្កើតបានជាបរិយាកាសដ៏ស្ងប់ស្ងាត់ និងអស្ចារ្យជាទីបំផុត ហើយដែលកាន់តែគួរឱ្យកត់សម្គាល់នោះ ក្រុមការងារអមឯកឧត្តមប្រធានាធិបតីបារាំង សុខចិត្តបញ្ចាំងភ្លើងពិលដើម្បីដើរទស្សនាទាំងយប់ងងឹត បន្ទាប់ពីព្រះអាទិត្យបានលិចបាត់។

“កិត្តិនាមដ៏ល្បីរន្ទឺនៃប្រាសាទអង្គរវត្ត បានធ្វើឱ្យប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ មិនអាចទប់ចិត្តបាន រហូតសុខចិត្តបញ្ចាំងភ្លើងពិលដើរទស្សនាទាំងយប់ងងឹត។”

ពិតមែនតែដំណើរទស្សនកិច្ចមានរយៈពេលខ្លី ប៉ុន្តែបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងបារាំង ព្រមទាំងបានរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕

You might also like