ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤។

«ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីសោមនស្ស ដែលបានចូលរួមក្នុងពិធីបើក​ជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិត​ផលជាតិ» ដែលជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត, អ្នកផ្គត់ផ្គង់, អ្នកចែកចាយ, អ្នកលក់រាយ និង អ្នកប្រើប្រាស់ សំដៅ ជំរុញឱ្យមានការផ្លាស់ប្តូរពី ការផ្សព្វផ្សាយផលិតផល ទៅជាការបង្កើតទំនាក់ទំនង​ពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហ​គ្រាស​ធុនតូច និងមធ្យមកម្ពុជា (FASMEC), សមាគមមូលនិធិសម្តេចតេជោ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, វិស័យឯកជន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាគិត រួមគ្នារៀបចំឱ្យមាន «ពិព័រណ៍ផលិតផលខ្មែរ» ជាប្រចាំ ដើម្បីលើកកម្ពស់សក្តានុពលផលិតកម្មក្នុងស្រុក, លើកស្ទួយផលិតផលជាតិ និង បង្កើតឱកាសពាណិជ្ជកម្មដល់រោងចក្រ-សហគ្រាសកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជាសេនាធិការផ្នែកយុទ្ធសាស្រ្ត, គណៈកម្មាធិការ​ដឹកនាំ​ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាសេនាធិការ​ផ្នែក​គោល​នយោបាយ និង អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ដែលជាសេនាធិការផ្នែក​ប្រតិ​បត្តិ របស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រីកកិច្ចសហការ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​វិស័យ​ឯកជន និង តួអង្គពាក់ព័ន្ធ ជាពិសេស សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) និង គ្រប់ភាគីត្រូវស្រុះ​ស្រួលគ្នា ក្នុងស្មារតី «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន សំដៅបង្កើតនូវ «សហថាម​ពលនៃការអភិវឌ្ឍ (Synergy of Development) វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម» នៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជា​ពិសេស​សហគ្រាសធុនមីក្រូ តូច និង មធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន​របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និងតម្លៃ​បន្ថែម​ក្នុងស្រុក, ជំរុញសហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាសធុនមីក្រូ តូច និង មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុង​ការ​ពង្រឹង​ភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងបរិបទពហុវិបត្តិ, ការពង្រឹងផលិតកម្ម​ក្នុង​ស្រុក គឺស្មើគ្នានឹងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ ដោយត្រូវផ្តោតលើសមត្ថភាពផលិតទំនិញ និង ផ្តល់សេវាសម្រាប់បំពេញតម្រូវការក្នុងស្រុកឱ្យបានច្រើន ព្រមទាំងផលិតផលដែលកម្ពុជាមានឧត្តម​ភាព​ប្រកួតប្រជែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងផលិតកម្មក្នុងស្រុក ត្រូវដើរទន្ទឹមគ្នា​នឹង​ការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឱ្យរោង​ចក្រ-សហគ្រាសកម្ពុជា អាចអភិវឌ្ឍខ្លួនជាប្រចាំសំដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុងត្រៀមខ្លួនចាក​ចេញពីឋានៈ​ជា​ប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដូច្នេះការផ្លាស់ប្តូរឋានៈនេះ ជាវឌ្ឍនភាពនៃការអភិវឌ្ឍ​ប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និង រោងចក្រ-សហគ្រាស ត្រូវមានសមត្ថភាព​ប្រកួតប្រជែងកាន់​តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះ ការកែលម្អគុណភាពផលិតផល, ការពង្រឹងប្រសិទ្ធភាពផលិតកម្ម, ការបង្កើនផលិតភាពការងារ, ការ​ចាប់​យកបច្ចេកវិទ្យាថ្មីៗ និងការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោង​ចក្រ-សហ​គ្រាស​កម្ពុជា ចាប់ពីពេលនេះតទៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការ​បង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើក​ទឹក​ចិត្ត​ដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរ​ជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការ​គាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើ​គុណ​ភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើប​ជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អ​បរិយា​កាសធុរកិច្ច និង វិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយបាន​សិក្សា និង គ្រោងដាក់ចេញនូវ៖
ទី១៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម» ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រងអាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម។

ទី២៖ «អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និង មធ្យម» ដើមី្បជួយសហគ្រាសធុនមីក្រូ តូច និង មធ្យម ឱ្យអាចងើបឡើង, ឈរជើង និង ដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត, ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ និង ដោយផ្ទាល់ និងប្រយោល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ចង់ឱ្យមានការសិក្សាផលិតត្រីក្នុងស្រុកជាត្រីខកំប៉ុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្រៅប្រទេស សុទ្ធតែជាច្រកនៃទីផ្សារផលិតខ្មែរ។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាល គិតគូរពីការបង្កើតសភាពាណិជ្ជកម្មនៅតាមប្រទេសនានា ដូចជានៅកាណាដា អូស្ត្រាលី អាមេរិក និងបារាំងជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយមានតែនៅលើមេឃ ហើយអត់ជាប់ដីអត់បានសម្រេចទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ប្រាប់ម្ចាស់សហគ្រាសកង់រថយន្តថា ផលិតករកុំដេកក្នុងពេលបិទទ្វារព្រំដែនជាមួយថៃ ត្រូវប្រឹងភ្ជាប់ជាមួយអ្នកប្រើ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគិតគូរកំណត់អាជីវកម្ម និងសិប្បកម្មតូចតាចមួយចំនួន ត្រូវទុកលទ្ធភាពឱ្យអ្នកក្នុងស្រុកធ្វើ មិនឱ្យបរទេសធ្វើនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ​ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកគាំទ្រ ត្រូវគាំទ្រផលិតខ្មែរដោយការស្រឡាញ់ ដើម្បីពង្រឹងការផលិតក្នុងស្រុក កុំគាំទ្រព្រោះតែការពហិការផលិតផលប្រទេសដទៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដា និង ទំនុកចិត្តលើផលិតផល រោងចក្រ-សហគ្រាសកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាព, សុវត្ថិភាព, ស្តង់ដា ជាពិសេស ទំនុកចិត្តលើផលិតផលរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដ នៃភាពប្រកួតប្រជែងតាមរយៈ ការកែលម្អការរចនា, ការវេចខ្ចប់ និង ការកសាងម៉ាកផលិតផល ពីព្រោះ ការគាំទ្ររបស់អ្នកប្រើប្រាស់ អាចបង្កើតឱកាសទីផ្សារដំបូង, ប៉ុន្តែ គុណភាព, ថ្លៃសមរម្យ និង ភាពទៀងទាត់នៃការផ្គត់ផ្គង់ ទើបជាកត្តារក្សាទីផ្សារឱ្យមានចីរភាព ។

* ការចុះបញ្ជីផលិតផល (ចបផ) ជាឧបករណ៍ចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងគុណភាព, ការការពារអ្នកប្រើប្រាស់, និង ការកសាងទំនុកចិត្តលើទីផ្សារ, ដោយសារ ដើម្បីទទួលបានអាជ្ញាបណ្ណ ចបផ, រោងចក្រ-សហគ្រាស ត្រូវឆ្លងកាត់នីតិវិធីច្បាស់លាស់ រួមមាន៖ ការផ្តល់លទ្ធផលវិភាគតេស្តផលិតផលពីមន្ទីរពិសោធដែលមានការទទួលស្គាល់ និង ការពិនិត្យស្របតាមស្តង់ដាជាតិ ។ ដូច្នេះ រោងចក្រ-សហគ្រាស, សិប្បកម្ម និង ក្រុមហ៊ុននាំចូលទាំងអស់ ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ហើយត្រូវគោរពកាតព្វកិច្ចគុណភាព និង សុវត្ថិភាព ជាប្រចាំ។ ជាមួយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវដាក់ចេញយុទ្ធនាការជំរុញការចុះបញ្ជីផលិតផល ដោយបង្កើនការផ្សព្វផ្សាយ និង សម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលាយ ។

* ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, សេវាវិភាគតេស្ត, វិញ្ញាបនបត្រ, និងការណែនាំបច្ចេកទេស, ព្រមទាំង កែលម្អការចុះបញ្ជីផលិតផល ឱ្យកាន់តែងាយស្រួល និង មានប្រសិទ្ធភាព, ជាពិសេស ត្រូវពង្រឹង ការផ្សព្វផ្សាយ, ការ-ផ្ទៀងផ្ទាត់ព័ត៌មានផលិតផល និង ការតាមដានអនុលោមភាព ដើម្បីធានាថា ប្រព័ន្ធចុះបញ្ជីផលិតផលរួមចំណែកជាក់ស្តែងដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋ និង ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងមូលដ្ឋានផលិតកម្ម និង ការតភ្ជាប់សហគ្រាសក្នុងស្រុកទៅនឹងខ្សែច្រវាក់តម្លៃ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន កំណត់ខ្សែច្រវាក់ផលិតកម្មអាទិភាព ហើយជំរុញការអភិវឌ្ឍអ្នកផ្គត់ផ្គង់វត្ថុធាតុដើម, គ្រឿងបន្លាស់, សម្ភារវេចខ្ចប់, និង សេវាកម្មគាំទ្រផលិតកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក, និង កាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលដែលកម្ពុជាមានសមត្ថភាពផលិត និង ផ្គត់ផ្គង់ ដោយខ្លួនឯង។ ត្រូវជំរុញការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និង មធ្យម ដែលជាយន្តការចាំបាច់សម្រាប់តភ្ជាប់ SMEs ជាមួយខ្សែច្រវាក់ផលិតកម្មជាតិ, និង រក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជា។

* រោងចក្រ សហគ្រាសធំៗក្នុងស្រុក និងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស សូមបង្កើនការប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុក, ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក តាមរយៈការផ្ទេរចំណេះដឹង, ការកែលម្អសមត្ថភាពផលិតកម្ម, ការចែករំលែកព័ត៌មានទីផ្សារ និងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មរយៈពេលវែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រែក្លាយការគាំទ្រផលិតផលជាតិ ទៅជាឱកាសទីផ្សារ និង ទំនាក់ទំនងពាណិជ្ជកម្មជោគជ័យនៃការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» មិនត្រូវវាស់វែងត្រឹម​ចំនួន​ស្តង់ ឬ ចំនួនអ្នកចូលទស្សនា ប៉ុណ្ណោះទេ, ប៉ុន្តែក៏ត្រូវផ្តោតលើការបញ្ជាទិញ, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងឱកាសទីផ្សារដែលអាចបន្តនាពេលខាងមុខ។ ក្នុងន័យនេះ សមាគមសហគ្រាស​ធុន​តូច និង មធ្យមកម្ពុជា ក៏ដូចជាសមាគមធុរកិច្ចនានា ត្រូវខិតខំជំរុញការតភ្ជាប់រវាង​រោង​ចក្រ សហគ្រាសជាមួយនឹងអ្នកទិញ, អ្នកចែកចាយ និងអ្នកនាំចេញ។

* រោងចក្រ សហគ្រាស ត្រូវត្រៀមខ្លួនសម្រាប់ទីផ្សារ ដោយត្រូវកែលម្អសមត្ថភាពផលិត, ពង្រឹងគុណភាព, អនុលោមភាព និង ថ្លៃ នៃផលិតផល, និង លក្ខខណ្ឌផ្គត់ផ្គង់ ឱ្យបានត្រឹមត្រូវ, ខណៈដែល ក្រសួងស្ថាប័នពាក់ព័ន្ធ, អ្នកទិញ អ្នកចែកចាយ និង អ្នកនាំចេញ ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីតម្រូវការ និង លក្ខខណ្ឌទីផ្សារ, និង ចំណុចត្រូវកែលម្អ ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជា អាចឈរជើងលើទីផ្សារជាតិ តំបន់ និង អន្តរជាតិ បានរឹងមាំ យូរអង្វែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញបរិវត្តកម្មឌីជីថល ទាំងក្នុងការផ្តល់​សេវាសា​ធារណៈ និងការគ្រប់គ្រងអាជីវកម្ម រោងចក្រ-សហគ្រាសកម្ពុជា ត្រូវជំរុញការសិក្សា, ស្វែងយល់ និង ចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រងផលិតកម្ម ប្រតិបត្តិ-ការហិរញ្ញវត្ថុ, ទីផ្សារ រួមទាំងការរៀបចំផែនការ និងយុទ្ធសាស្រ្ត ខណៈដែលសេវាសា​ធារណៈ​ទាំងអស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឱ្យដំណើរការ​តាមប្រព័ន្ធឌីជីថលរួចរាល់ ត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធ​ភាព នៃការផ្តល់សេវាសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យបន្តកែលម្អបរិយាកាសធុរកិច្ច និង ជំរុញការចូលក្នុងប្រព័ន្ធ ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ជាក់ស្តែង។ ការធ្វើប្រក្រតីកម្ម ជាជំហា​ន​ចាំ​បាច់​សម្រាប់ការលូតលាស់របស់រោងចក្រ-សហគ្រាស។ តាមរយៈការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨», ការចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់​ការ​អភិ​វឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកើនលើស ៥៦ម៉ឺនករណី ក្នុងនោះសហគ្រាសធុនមីក្រូមានចំនួន៣ ៣៨៩ មូលដ្ឋាន។ ការចុះឈ្មោះនេះ ជាជំហានដំបូង និង មិនមានន័យថាសហគ្រាសបានបំពេញ​គ្រប់លក្ខខណ្ឌនៃការចុះបញ្ជីអាជីវកម្មផ្លូវការនោះទេ។ ដូច្នេះ ត្រូវខិតខំជំរុញឱ្យសហគ្រាស​ធុនមីក្រូ​ទាំង​នោះ អភិវឌ្ឍសមត្ថភាព ឆ្ពោះទៅចុះបញ្ជីក្នុងប្រព័ន្ធផ្លូវការ ស្របតាមលក្ខខណ្ឌច្បាប់ជាធរមាន, តាមរយៈ ការផ្តល់ព័ត៌មាន, សេវាប្រឹក្សា, ហិរញ្ញប្បទាន, ជំនាញ និង ឱកាសទីផ្សារ ដើម្បីឱ្យការចូលក្នុងប្រព័ន្ធបង្កើតអត្ថប្រយោជន៍ជាក់ស្តែង។

* ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រឹងប្រែងសម្រួលនីតិវិធីចុះបញ្ជី និង ផ្តល់អាជ្ញាបណ្ណ ដោយកំណត់តួនាទី និង សមត្ថកិច្ចឱ្យបានច្បាស់លាស់, កាត់បន្ថយបន្ទុករដ្ឋបាលដែលមិនចាំបាច់, និងពង្រឹងប្រសិទ្ធភាព​នៃ​ការផ្តល់សេវា, ក្នុងនោះ អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ត្រូវបំពេញតួនាទី​ជាអន្តរការី ដែលជួយសម្របសម្រួលឱ្យរោងចក្រ-សហគ្រាសទទួលបានសេវា និង ការគាំទ្រ បាន​ឆាប់រហ័ស និង ងាយស្រួល ប្រកបដោយវិជ្ជាជីវៈ, តម្លាភាព និង គោលការណ៍ផ្តល់សេវា​ផ្តោតលើអ្នក​ប្រើប្រាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាស៍ថា គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល សហគ្រាសតូច មធ្យម និងវិស័យឯកជន ជាដៃគូ ជាមធ្យោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ មិនមែនគោលដៅដើម្បីជំរិតយកពន្ធនោះទេ។ ដូច្នេះសហគ្រាសដែលប្រើទុនប្រមាណ២៥០រៀល មិនជាប់កាតព្វកិច្ចពន្ធនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតម្រង់ហិរញ្ញប្បទាន ជំនាញ បច្ចេកវិទ្យា និងការ​គាំទ្រ​ផ្សេងៗ ទៅតាមតម្រូវការ និង វដ្តអាជីវកម្មរបស់រោងចក្រ-សហគ្រាសទំហំឥណទានសរុបក្នុង​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៥ មានជាង ៦៣ពាន់លានដុល្លារ, កើនឡើង ៤,១ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប៉ុន្តែ MSMEs នៅកម្ពុជា នៅតែពុំអាចទទួលបានហិរញ្ញ​ប្បទាន​ដែលឆ្លើយតបទៅនឹងតម្រូវការសមត្ថភាព និងហានិភ័យអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ ធនាគារ​អភិវឌ្ឍជនបទ និង កសិកម្ម, ធនាគារសហគ្រាសធុនតូច និង មធ្យម, សាជីវកម្មធានាឥណទាន​កម្ពុជា, គ្រឹះស្ថានហិរញ្ញវត្ថុឯកជន, និង ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការសិក្សាដាក់ចេញនូវផលិតផល​ហិរញ្ញវត្ថុ ស្របតាមវដ្តអាជីវកម្ម ជាពិសេស ការផ្សារភ្ជាប់ហិរញ្ញប្បទាន ទៅនឹងការបញ្ជាទិញ, ការពង្រីកផលិតកម្ម និង ការវិនិយោគលើបច្ចេកវិទ្យា។

* ក្រសួងស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ដៃគូអភិវឌ្ឍ ត្រូវតម្រង់កម្ម​វិធី​គាំទ្រ ស្របតាមតម្រូវការផលិតកម្ម និង ទីផ្សារជាក់ស្តែង, ខណៈដែលរោងចក្រ-សហគ្រាស ត្រូវ​ពង្រឹង​ការគ្រប់គ្រងផលិតកម្ម, ប្រតិបត្តិការ និង ហិរញ្ញវត្ថុ ឱ្យស្របតាមផែនការអាជីវកម្ម ដើម្បីបង្កើនទំនុកចិត្តពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ​ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធស្រាវជ្រាវចងក្រង ផ្សព្វផ្សាយ និងអនុវត្តឱ្យបានច្បាស់​លាស់ លើមរតកវប្បធម៌បុរាណដូចជាការស្លៀកពាក់ហូលផាមួង ស្បៃ និងឧបករណ៍ភ្លេងបុរាណជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទៅកូនមន្ត្រីរាជការ កូនអ្នកធំ ពេលរៀបចំមង្គលការរៀបចំឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ការស្លៀកពាក់ឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ប្រយ័ត្នស្លៀករបស់គេ។

You might also like