រថយន្តប្រមាណ ៥០០គ្រឿង ចូលរួមព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅភូមិភាគឦសាន
(ភ្នំពេញ)៖ រថយន្តប្រមាណ ៥០០គ្រឿង និងអ្នកចូលរួមប្រមាណ ២,០០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដោយធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងភាពទាក់ទាញនៃតំបន់ភូមិភាគឦសានរបស់កម្ពុជា។
ពិធីបើកព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីក្រុមអ្នកស្រឡាញ់រថយន្ត កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ និងសាធារណជនប្រមាណ ២,០០០នាក់។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍ «ឦសាន Overland» មានសារៈសំខាន់ក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី និងរតនគិរី។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ បទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញនៃម្ហូបអាហារប្រចាំតំបន់ ដែលជាផ្នែកមួយជួយលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ទៅទស្សនាតំបន់ភូមិភាគឦសានកាន់តែច្រើន។
ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមរថយន្ត CPG Overland ក្រុម Talk About Cars (TAC) ក្រុមគោព្រៃមណ្ឌលគិរី ក្រុមដំរីឦសាន ក្រុមអ្នកដើរព្រៃកម្ពុជា (CAT) ព្រមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនចំនួនអ្នកចូលរួម និងពង្រីកវិសាលភាពពីថ្នាក់ជាតិទៅកាន់ថ្នាក់អន្តរជាតិ។
សូមជម្រាបថា ព្រឹត្តិការណ៍ «ឦសាន Overland» បានរៀបចំឡើងចំនួន៣លើកមកហើយ។ សម្រាប់លើកទី១ ក្នុងឆ្នាំ២០២៤ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ១,១៤០នាក់ និងរថយន្តចំនួន ២៨៥គ្រឿង។ ដោយឡែក សម្រាប់លើកទី៣ ក្នុងឆ្នាំ២០២៦នេះ គ្រោងមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងរថយន្តប្រមាណ ៥០០គ្រឿង ដែលនឹងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕














