ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធ​ជំរុញពាណិជ្ជ​កម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរ​កិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគម​អឺរ៉ុបជាដើម។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានកសាងជាតិ និងរដ្ឋមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ, សុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យ និង បូរណភាពទឹកដីពេញ​លេញ ខណៈលទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និង សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នកិត្យានុភាព និងមោទនភាពជាតិកម្ពុជា កំពុងងើបឈរឡើងវិញ ប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍ តំបន់ និង អន្តរជាតិ កំពុងទទួលស្គាល់កម្ពុជា ដោយស្មើភាព និង ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្លូវ​ការរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ បានរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្រ្ត និង អំណាច​ចរចាជាសមូហភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង លើកតម្កើងផលប្រយោជន៍ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ច​ផែនការទៅជាសេដ្ឋកិច្ចទីផ្សារ, ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋ​កិច្ច​មាន​ពិពិធ​កម្មធំទូលាយ និង ពីប្រទេសមានទំនាក់ទំនងតិចតួចជាមួយសហគម៍អន្តរជាតិ គួបផ្សំ​ជាមួយការហ៊ុមព័ន្ធសេដ្ឋកិច្ច ទៅជាប្រទេសមានសមាហរណកម្មពេញលេញក្នុងកិច្ចការ តំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិ​ជំងឺកូវីដ-១៩, សេដ្ឋកិច្ចកម្ពុជា បានមានកំណើនក្នុងរង្វង់៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ចាកផុតពីភាពក្រីក្រស្ទើរទាំងស្រុង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកស្ថិតក្នុងរង្វង់ ១០ភាគរយ មុនវិបត្តិជំងឺកូវីដ-១៩ ជាមួយការរួមតូចជាបន្តបន្ទាប់ នៃគម្លាតសមភាពសេដ្ឋកិច្ច, ព្រមទាំងបានប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និង គ្រោងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និង រឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេល នូវគោលនយោបាយ ត្រឹមត្រូវ, មុតស្រួច និង ចំទិសដៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ៖ ទី១. ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ; ទី២. សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង, និង សង្គមវ័យចំណាស់; ទី៣. ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ក្នុងបរិការណ៍​បដិវត្ត​ឧស្សាហកម្មទី៤; ទី៤. ការប្រែប្រួលអាកាសធាតុ និង ការរេចរឹលធនធានធម្មជាតិ; និង ទី៥. ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់​ខ្ពស់​ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍​ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ, ការពង្រឹងសមត្ថ​ភាព និង គណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណា​ធិប​តេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍​ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុក​វិស័យ​ឯក​ជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្ម​ផលិត​កម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្ម​អនុ​គមន៍ និងឧស្សាហកម្មប្រតិគមន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវបរិយាកាសវិនិយោគ និងធុរកិច្ច តាមរយៈ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មី ក្នុងឆ្នាំ២០២១; ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និងវិនិយោគ ដោយបានពង្រឹងយន្តការ​ច្រកចេញ​ចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និង សេវាគាំទ្រ ថែទាំវិនិយោគ, ព្រមទាំង បានដាក់ឱ្យ​ប្រើ​ប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិ​យោគ​កម្ពុជា និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation), ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការធ្វើពិពិធកម្មទីផ្សារ ដោយបានពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅ​ក្នុងសេដ្ឋកិច្ច​តំបន់ និង សកល, និង កែលម្អប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីក; និង ការលើកកម្ពស់វិនិយោគ​បៃតង និង ឌីជីថល ដោយបានជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាម​ពល និង បច្ចេកវិទ្យាស្អាត, លើកកម្ពស់សេដ្ឋកិច្ចចក្រា, ការគ្រប់គ្រងសំណល់ និង ការប្រើប្រាស់​ធនធានប្រកបដោយប្រសិទ្ធភាព និង លើកទឹកចិត្តឱ្យមានការវិនិយោគលើមជ្ឈ​មណ្ឌលទិន្នន័យ, បច្ចេកវិទ្យាឌីជីថល, សន្តិសុខសាយប័រ និង សេវាកម្មបច្ចេកវិទ្យាព័ត៌មាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញជម្រើសពីរក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ហើយកម្ពុជា សម្រេចជ្រើសរើសយកឆ្នាំ២០២៩។ ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និង លើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក។

You might also like