សម្តេចធិបតី ៖ រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបាន ក្នុងកិច្ចការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលស​ន្និបាត និងពិព័រណ័កោះពេជ្រ​នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងឋានៈជាប្រទេសតូចនិងបើកចំហ កម្ពុជា ងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសចរន្តសកលធំៗចំនួន៥ ដែលកំពុងមានឥទ្ធិពល មកលើដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រួមមាន៖ ទី១ ការប្រែប្រួលសណ្តាប់ធ្នាប់សកល ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ, ទី២ សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី ការរីកលូតលាស់ទីក្រុង និងក្នុងសង្គមវ័យចំណាស់, ទី៣ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍បដិវត្តឧស្សាហកម្មទី៤, ទី៤ការប្រែប្រួលអាកាសធាតុ ការរេចរឹលធនធានធម្មជាតិ និងទី៥ ការកើនឡើងនៃថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាល​ នឹងបន្តយកចិត្តទុកដាក់ខ្ពស់​ ចំពោះការកែលម្អបន្ថែមទៀត នូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងពីខាងក្រៅ ការពង្រឹងសមត្ថភាព និងគណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច គុណាធិបតេយ្យ និងឧត្តមនិយម ផលប្រយោជន៍ជាតិ​និងប្រជាជន និងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និងគាំទ្រវិស័យឯកជន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល នឹងបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបាន នៅក្នុងកិច្ចការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ និងជំនាញ ការជំរុញប្រសិទ្ធភាព និងនវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការតភ្ជាប់ឧស្សាហកម្មអនុគម និងឧស្សាហកម្មប្រតិគម” ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ការសម្របសម្រួលនីតិវិធីរដ្ឋបាល និងការផ្តល់ហិរញ្ញប្បទានដែលមានការប្រាក់ទាបផងដែរ៕

You might also like