ប្រកាសបើកការប្រឡង អត្ថបទ សារព័ត៌មាន ក្រោម ប្រធានបទ «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយ ជីវភាពរបស់ប្រជាជនកម្ពុជា»
ភ្នំពេញៈ កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នំា២០២២នេះ ក្រោមគំនិតផ្តួចផ្តើម និងសហការគាំទ្រ ដោយសមាគម ធនាគារ នៅកម្ពុជា និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា មានកិត្តិយស សូមជម្រាបជូន ដល់អ្នកសារព័ត៌មាន អាជីព និងអ្នកសារព័ត៌មាន ឯករាជ្យទាំងអស់ ជ្រាបថា ក្លិបអ្នកកាសែត កម្ពុជា បានប្រកាសបើកការប្រឡង អត្ថបទ សារព័ត៌មាន ក្រោម ប្រធានបទ «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយ ជីវភាពរបស់ប្រជាជនកម្ពុជា» ឬជាភាសាអង់គ្លេស «How Banks and Financial Institutions contribute to Cambodian Livelihood» ។
ការរៀបចំប្រឡងប្រជែង អត្ថបទសារព័ត៌មាន គឺជាផ្នែកមួយនៃ កិច្ចសហប្រតិបត្តិការ វាងវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យ សារព័ត៌មាន ដើម្បីពង្រឹង នូវសមត្ថភាព និងគុណភាព នៃការ រាយការណ៍ព័ត៌មាន ទាក់ទងនឹង វិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់អ្នកសារព័ត៌មាន និងដើម្បី ផ្តល់ចំណេះដឹងមូលដ្ឋាន គ្រឹះក្នុងវិស័យនេះ ដល់ ប្រជាពលរដ្ឋផងដែរ។
ការប្រកួតប្រជែងនេះ ត្រូវបានបើកចំហ សម្រាប់អ្នកកាសែតកម្ពុជាទូទៅ (លើកលែង សមាជិកគណៈកម្មាធិការនាយក និងបុគ្គលិករដ្ឋបាល នៃក្លិបអ្នកកាសែតកម្ពុជា)។ អ្នកកាសែតស្ត្រី និងអ្នកកាសែត វ័យក្មេង ត្រូវបានលើកទឹកចិត្ត។ ការប្រកួតនេះ បើកចំហ សម្រាប់បេក្ខជន ជាអ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែត បោះ ពុម្ព ទស្សនាវដ្ដី សារព័ត៌មានអនឡាញ និងអ្នកកាសែតឯករាជ្យ (Freelance Journalists)។
ចំណែកអត្ថបទ ដែលអាចដាក់ចូលរួម ក្នុងការប្រកួត បានត្រូវតែជាប្រភេទ អត្ថបទបទ យកការណ៍ ។ អត្ថបទត្រូវដាក់ចូលរួមក្នុងការប្រកួត ត្រូវតែជាអត្ថបទ ដែលត្រូវបាន ចុះ ផ្សាយ នៅតាមអង្គភាពរបស់ខ្លួន ឬអង្គភាពសារព័ត៌មាន ណាមួយ រួចរាល់ហើយ មុនថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២។ ចំពោះអត្ថបទ ត្រូវតែជាអត្ថបទសារព័ត៌មាន ជាភាសាខ្មែរ។
ដោយមានការគាំទ្រជាថវិកាពី សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា ពានរង្វាន់ ក្នុងការប្រឡងប្រជែង អត្ថបទ សារព័ត៌មាន នេះ ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាថវិកា ចំនួន ៤,៨០០,០០០ រៀល និងពាន ១។ ជ័យលាភីលេខ ២ នឹងទទួលបានរង្វាន់ ជាថវិកា ចំនួន ៤,០០០,០០០ រៀល និងពាន ១។ ជ័យលាភីលេខ ៣ នឹងទទួល បានរង្វាន់ជាថវិកា ចំនួន ៣,២០០,០០០ រៀល និងពាន ១។ជ័យលាភីលេខ ៤ នឹងទទួលបានរង្វាន់ជាថវិកា ចំនួន ១,៦០០,០០០ រៀល និងពាន ១ និងជ័យលាភី លេខ ៥ នឹង ទទួលបានរង្វាន់ជាថវិកាចំនួន ១,២០០,០០០ រៀល និងពាន ១ ។
ទាក់ទងនឹងនីតិវិធី បេក្ខជនដែលចាប់អារម្មណ៍ ចូលរួមប្រកួតប្រជែងស្នាដៃ សារព័ត៌មាននេះ សូមផ្ញើស្នាដៃរបស់ខ្លួន (ជាអត្ថបទ ឬជាវីដេអូ ឬជាសំឡេង) មកទីស្នាក់ការ ក្លិបអ្នកកាសែតកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ ១២ ផ្លូវលេខ ៥ (បុរី ប៉េងហួត មុខផ្សារ ប៉េសេ ផ្លូវ ៣៧១) ខណ្ឌមានជ័យ រាជធានី ភ្នំពេញ យ៉ាង យូរ ត្រឹម ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២។ ឬអាច ទាក់ ទង សួរ ព័ត៌មានបន្ថែម និងដាក់ឯកសាររបស់ ខ្លួន នៅក្នុងប្រព័ន្ធសង្គម តេឡេក្រាម របស់លោក ហេង នាង តាម រយៈ លេខ ទូរស័ព្ទ ០១៧ ២៩៧ ៤៤៧ .
សូមបញ្ជាក់ថា សូមបេក្ខជនទាំងអស់ ត្រូវភ្ជាប់អត្ថបទសំណៅដើម ដែលបង្ហាញថា អត្ថបទ ត្រូវបានចុះផ្សាយ រួចហើយ ជាមួយនឹងអង្គភាព សារព័ត៌មាន៕