បង្ហាញលទ្ធផលការស្រាវជ្រាវស៊ើបអង្កេត ករណីឃាតកម្មគិតទុកជាមុន ២ទីតាំងផ្សេងគ្នា គឺជាករណីតែមួយ (សម្លាប់រួចយកសាកសពទៅកប់ចោល)
(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញលទ្ធផលការស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មគិតទុកជាមុន (សម្លាប់រួចយកសាកសពទៅកប់ចោល) ចំនួន២ទីតាំងផ្សេងពីគ្នា។
អំពីហេតុការណ៍នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីប្រទះឃើញសាកសពដែលគេកប់ក្នុងដី ក្នុងសភាពហើមស្អុយចំនួន២ទីតាំងផ្សេងពីគ្នា ក្នុងនោះរួមមាន៖
១៖ ទីតាំងទី១ នៅចំណុចខាងក្រោយឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ លី ហុង (LI HONG) ហៅតាតា (Da Da) ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩២ កាន់លិខិតឆ្លងដែនលេខៈ EH48085068។
២៖ ទីតាំងទី២ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា២០ឆ្នាំទៅ២៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ។
តាមការពិនិត្យវិភាគរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត កម្លាំងសមត្ថិច្ចអាចសន្និដ្ឋានបានថា ចំពោះករណីឃាតកម្មទាំង២ករណីខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះទាំង២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីស្លាកស្នាមអំពើដែលជនសង្ស័យសម្លាប់ជនរងគ្រោះ រួចយកទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នា គឺជាករណីតែមួយ។
បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។
ដោយមានបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយហេតុការណ៍ប្រទះឃើញសាកសព ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចបង្កើតគណៈករណី ដោយមានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមសហការណ៍ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ បានសហការយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងខេត្តព្រៃវែង។
ចាប់ពីមានហេតុការប្រទះឃើញសាកសពនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៍មកសួរបំភ្លឺសរុបចំនួន១៤នាក់ ក្នុងនោះប្រុស១២នាក់ ជាជនជាតិចិន និងស្រី២នាក់ ជាជនជាតិចិន១ និងជនជាតិវៀតណាម១ ហើយក្នុងចំណោមជនសង្ស័យ និងអ្នកពាក់ព័ន្ធហេតុការណ៍ទាំង១៤នាក់ ដែលកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធចំនួន១១នាក់ និងមនុស្ស៣នាក់ទៀត (បុរសជនជាតិចិន១នាក់ នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណីនេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ។
ករណីឃាតកម្ម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ ៖
១៖ ឈ្មោះ HE JI HUI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
២៖ ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៣៖ ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៤៖ ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅមិនពិតប្រាកដ។
៥៖ ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខក្រុមហ៊ុនជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EG7273520 មានទីលំនៅមិនពិតប្រាកដ។
៦៖ ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EJ2970802 មានទីលំនៅមិនពិតប្រាកដ។
ករណីចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ មានជនសង្ស័យ ៥នាក់ ជាប់ពាក់ព័ន្ធបន្ថែមទៀត៖
១៖ ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២៖ ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញឥវ៉ាន់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៣៖ ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
៤៖ ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
៥៖ ឈ្មោះ WEI YA QI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៦នាក់ ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្នុងករណីឃាតកម្ម ក៏ជាក្រុមតែមួយជាមួយ និងជនសង្ស័យទាំង៥នាក់នេះដែរ។
ជាក់ស្តែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចក៏ធ្វើការរំដោះបានជនរងគ្រោះ ៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុកនៅក្នុងបន្ទប់មួយនៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ។
ជនរងគ្រោះរំដោះបានចំនួនទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះមនុស្ស៣នាក់ទៀត (បុរសជនជាតិចិន១ នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់ នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
វត្ថតាងចាប់យកបាន រួមមាន កាំភ្លើងវែង១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ 1967, បង់កាំភ្លើង AK ចំនួន២, គ្រាប់កាំភ្លើង AK ចំនួន ៣៧គ្រាប់, កាំភ្លើងខ្លី ០២ដើម, គ្រាប់កាំភ្លើងខ្លីប្រភេទ 9mm ចំនួន ៨៥គ្រាប់, ខ្នោះដៃ ០៤គូរ, ពិលឆក់ ០៣គ្រឿង, ដំបងដែក ០២ដើ, រថយន្ត ០៣គ្រឿង។
តាមការសន្និដ្ឋានរួម ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ) រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ឃើងប្រទះឃើញសាកសពរបស់ជនរងគ្រោះដែលកប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ។
ករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយ។
ចំពោះជនសង្ស័យសេសសល់ដែលរត់គេចខ្លួន២នាក់ទៀត ជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕