ប្រើអេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមដី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយក្នុងខណ្ឌដង្កោ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៩:៥៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19) មូលហេតុបណ្តាលមកពីក្រុមការងារការដ្ឋានបុរី ដឹ រ៉េស៊ីដិន ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (២) សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:០០នាទីរសៀល។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង