រថយន្តឡិចស៊ីសRX300មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត បានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀតបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាត កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវបេតុងស្ពានភ្លោះក្នុងទិសដៅពីលិចទៅកើត ដោយប្រើល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុមិនដឹងជាអ្នកបើកបរគេចពីអ្វីនោះទេ ទើបបណ្ដាលឱ្យរថយន្តជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងធ្វើឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេងហើយក្រឡាប់ផ្ងារជើងមួយចំហៀង ព្រមទាំងធ្វើឱ្យនារីដែលជិះក្នុងរថយន្តរងរបួសធ្ងន់គួរសមត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាអ្នកបើកបរអត់មានរងរបួសនោះទេ ។ ដោយឡែកទ្រូងផ្លូវគ្រាន់តែរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។

អ្នកសារព័ត៌មាននាំគ្នាទៅចុះទៅឡាយផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយជាដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ តែបែរជាក្រុមសន្តិសុខបានមកហាមថតឡាយនិងផ្សាយផ្ទាល់ ព្រមទាំងយកថង់មកចងបិទស្លាកលេខរថយន្តថែមទៀតផង និងបាននិយាយថា ពួកគាត់បានធ្វើការដោះស្រាយជាមួយនឹងខាងក្រុមហ៊ុនរួចហើយដែរ ។ បន្ទាប់មក រថយន្ដបង្កត្រូវបានម្ចាស់ហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលបាត់ទៅ មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕

អត្ថបទដែលជាប់ទាក់ទង