ប្រកាសឲ្យក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង លើបាតុករម្នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយតម្រូវឲ្យក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង លើបាតុករម្នាក់។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ បានបញ្ជាក់ថា «ដោយពិនិត្យឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ ក្នុងអំឡុងពេលធ្វើបាតុកម្ម នៅខាងមុខស្ថានទូតអូស្ត្រាលី, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករជាស្ត្រីម្នាក់ បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុករទាំងអស់ ទៅយកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុង
រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ជាមួយគ្នាក្រសួងសុខាភិបាលបានព្រមានថា បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង