ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទរំលោភសេពសន្ថវ: នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង០៩និង០២ នាទីព្រឹក ។
ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីនារីរងគ្រោះឈ្មោះ ម.ស.ព្រ អាយុ២២ឆ្នាំ រស់នៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្ដឹងទៅលើបុរសឈ្មោះ ទុយ ទី (ហៅ គី ) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា ថាបានរំលោភសេពសន្ថវ:មកលើខ្លួន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៨យប់ នៅចំណុចអន្សៅស្អាង ស្ថិតនៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមពាក្យបណ្ដឹងនិងការបំភ្លឺរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល០៨យប់ ខ្លួនកំពុងអង្គុយហូបបាយនៅផ្ទះយាយឈ្មោះ ស៊ិន ថុល ។ ពេលនោះឈ្មោះ ទុយ ទី (ហៅ គី) ក៏ជិះម៉ូតូមកដល់ ហើយបបួលខ្លួនឲ្យឡើងជិះម៉ូតូជាមួយទៅចំណុចអន្សៅស្អាង ស្ថិតនៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ពេលជិះទៅដល់កន្លែងកើតហេតុ ឈ្មោះ ទុយ ទី បានចាប់ក្របួចកអាវខ្លួនឲ្យដួលទៅលើភ្លឺស្រែ ហើយបានធ្វើសកម្មភាពរំលោភមកលើខ្លួនបានសម្រេចតែម្តង ។
បន្ទាប់មកក៏នាំគ្នាទៅហូបគុយទាវ នៅឃុំបឹងកន្ទួត រួចបាននាំខ្លួនមករំលោភនៅស្រះចិញ្ចឹមត្រីរបស់តាគុណ បានសម្រេចម្ដងទៀត រួចក៏បាននាំគ្នាជិះម៉ូតូសំដៅមកផ្ទះដល់ពាក់កណ្ដាលផ្លូវបានជួបបងថ្លៃ ហើយក៏បានជិះម៉ូតូជាមួយបងថ្លៃវិញ ។
តាមកំណត់ហេតុស្រង់ចម្លើយរបស់ជនសង្ស័យឈ្មោះ ទុយ ទី (ហៅ គី) បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:លើនារីរងគ្រោះរហូតបានសម្រេចចំនួន០២ដងមែន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ យប់ ។
ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង