តារាចម្រៀងវ័យក្មេង សំឡេងពីរោះមានទឹកដម ស្រីស្អាត វីរៈ និច្ច ស្រាប់តែទម្លាយដំណឹងដ៏សោកស្តាយមួយ ទៅកាន់អ្នកគាំទ្រ

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងសំឡេងពីរោះមានទឹកដម ស្រីស្អាត វីរៈ និច្ច ស្រាប់តែទម្លាយដំណឹងដ៏សោកស្តាយមួយ ទៅកាន់អ្នកគាំទ្រ ក៏ដូចជាមហាជន អំពីការបាត់បង់កូនភ្លោះក្នុងផ្ទៃរបស់នាង ដែលជាដំណក់ឈាមដំបូងជាមួយស្វាមី។ តារាស្រីរូបនេះ បានដាច់ចិត្តទម្លាយដំណឹង បាត់បង់កូនដោយសារតែមានការជជីកសួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញការស្លៀកសម្លៀកបំពាក់រឹបរាង ដូចទៅនឹងមនុស្សមិនមានកូនក្នុងផ្ទៃ។

តាមរយៈបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួន វីរៈ និច្ច បានបង្ហោះរូបភាពក្នុងមន្ទីរពេទ្យ ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ។ មូលហេតុ មានដោយចៃដន្យកូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានខ្ញុំស្លៀកពាក់រឹបៗបាន»។

តារាចម្រៀង វីរៈ និច្ច បានក៏បានបញ្ជាក់ថា កូនក្នុងផ្ទៃរបស់នាងត្រូវបានបាត់បង់ជិតមួយខែកន្លងមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ ហើយនាងបានចាត់ទុក ថ្ងៃនោះថាជាថ្ងៃដែលនាងនិងក្រុមគ្រួសារសោកស្តាយជាទីបំផុត។ ជុំវិញដំណឹងនេះ អ្នកគាំទ្រថ្លែងក្តីអាណិត និងលើកទឹកចិត្តនាងគ្រប់ៗគ្នាផងដែរ។

គួរជម្រាបថា តារាចម្រៀង វីរៈ និច្ច នាងបានរៀបមង្គលការតាមទំនៀមទម្លាប់ខ្មែរនៅលើទឹកដីនៃខេត្តព្រះសីហនុជាមួយនឹងបុរសឈ្មោះ ខៀវ ពេជ្រ ជាអ្នកជំនួញនៅទីនោះ កាលពីអំឡុងពាក់កណ្តាលខែតុលាឆ្នាំ ២០២១ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង