ឡានមួយគ្រឿង បើកបរចុះចំណោត ដាច់ហ្វ្រាំងរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ បណ្តាលឲ្យស្លាប់ម្នាក់

មណ្ឌលគិរី: នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចន្លោះគីឡូម៉ែត្រលេខ៩៤ និង៩៥ ស្ថិតនៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្តម៉ាកយីឌុប ពណ៌ខៀវ លាយ ក្រហម ស្លាកលេខ ស្វាយរៀង (3A0854) បានក្រឡាប់ដោយខ្លួនឯង ។
អ្នកបើកបរយន្តមានឈ្មោះ ថន និមល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបរ រស់នៅភូមិស្រែជ្រះ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (របួសធ្ងន់) ។
អ្នករួមដំណើរជាមួយគ្នាមានចំនួន០៣នាក់ឈ្មោះ ស៊ឹម វៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ព្រូឡាន រស់នៅភូមិការ៉េនជូ ឃុំកាន់ ស្រុកទ្រាំង ខេត្តតាកែវ (បានស្លាប់នៅកន្លែងកើតហេតុ) ។ អ្នករួមដំណើរឈ្មោះ ង៉ែត ចាយ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មបែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ (គ្មានរបួស) ។ អ្នករួមដំណើរម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះបានដើរចេញពីមន្ទីរពេទ្យបាត់ ហើយក៏គ្មានរបួសដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្ដចុះចំណោតលឿន ហើយដាច់ហ្វ្រាំងក៏បានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ខ្លួនឯងតែម្ដង ។
សពត្រូវបានសមត្ថកិច្ចជំនាញ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដត្រូវបានស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ៕

អត្ថបទដែលជាប់ទាក់ទង