អាជីវករវ័យក្មេង ចេះរកវិធីកែច្នៃ ដោយយកគ្រឿងដែក មកផ្គុំជារូបរាងយន្តហោះ មើលទៅហាក់មានភាពទាក់ទាញ
កំពត ៖ អាជីវករឈ្មោះ កាកា ដែលជាម្ចាស់ទីតាំងលក់ចំណីអាហារ និងគ្រឿងក្លែម ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់ឲ្យដឹងថា ការច្នៃប្រឌិតកន្លែងអង្គុយញ៉ាំអាហារ ជារូបរាងយន្តហោះនេះ បន្ទាប់ពីរូបគាត់និងស្វាមី បានសង់ជាតូបលក់គ្រឿងក្លែម នៅទីនេះបានប្រហែល១ខែ។ ក្រោយមកទើបគាត់ និងស្វាមីគិតលៃលក រកវិធីណាដែលអាចរកចំណូលដោយសុចរិត ទើបគិតគ្នាជួលជាងដែក មកកែច្នៃផ្គុំជាតួយន្តហោះមួយគ្រឿង មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹង ២ម៉ែត្រ ៥តឹក ដោយក្រាលជាបាតរាបស្មើ ដើម្បីងាយស្រួលដាក់តុ និងកៅអី ជាជួរ សម្រាប់តម្រូវចិត្តភ្ញៀវណាដែលចង់អង្គុយញ៉ាំអាហារ ឬគ្រឿងក្លែម បែបរ៉ូមែនទិច។
អ្នកនាង កាកា បានបញ្ជាក់ដែរថា គ្រឿងបង្គុំដែកសង់ បានទៅជាតួយន្តហោះនេះ ត្រូវចំណាយអស់ថវិកាប្រមាណ ៣,០០០ដុល្លារអាមេរិក ហើយចាប់តាំងពីសង់កន្លែងញ៉ាំគ្រឿងក្លែម ជារូបរាងយន្តហោះនោះមក បានធ្វើឲ្យមហាជន ពិសេសអ្នកដំណើរតែងតែ មកចតឈប់យានយន្តនៅទីនេះ ដើម្បីមើលយន្តហោះ ថែមទាំងជួយទិញចំណីអាហារ ឬភេសជ្ជៈ បងប្អូនខ្លះចូលទៅអង្គុយ ដើម្បីកុម្ម៉ង់អាហារ ឬគ្រឿងក្លែមញ៉ាំ យ៉ាងរីករាយផងដែរ។ ថ្វីដ្បិតខណៈនេះអ្នកមកញ៉ាំអាហារ នៅកន្លែងរបស់គាត់ហាក់ នៅមានកម្រិត។ ប៉ុន្តែគាត់សង្ឃឹមជឿជាក់ថា អំឡុងពេលខាងមុខ មហាជន និងបងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកដំណើរ នឹងជួយចូលញ៉ាំចំណីអាហារ របស់គាត់បន្តទៀត ពិសេសជួយគាំទ្រនូវការច្នៃប្រឌិតជាតួយន្តហោះ សម្រាប់អង្គុយបរិភោគអាហារ ប្រកបដោយផាសុខភាព ដែលអាចផ្តល់ជាសេវាអាជីវកម្ម ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ឲ្យកាន់តែមានភាពធូរធាថែម មួយកម្រិតទៀត៕