រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យដីមានទំនាស់ និងធ្វើបណ្ណកម្មសម្គាល់សិទ្ធិលើដីទំហំ ជាង៣៤ហិកតា ស្រុកកោះកុង

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះពិនិត្យដីធ្លីមានទំនាស់ទំហំ៣៤ហិកតា ៩៩អា ស្ថិតនៅស្រុកកោះកុង ក្រោមការដឹកនាំលោក សុខ សុទ្ធី អភិបាលរងខេត្ត អនុប្រធានគណ:កម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះអនុវត្តគ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងលោកស្រីអភិបាលខេត្ត។
ការងារនេះក៏មានការចូលរួមសហការពីខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយ អាជ្ញាធរស្រុកកោះកុង ការិយាល័យជំនាញ ចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំតាតៃក្រោម ដើម្បីប្រជុំ និងចុះពិនិត្យទីតាំងសំណើរបស់ឈ្មោះ សង សុចិត្រា ស្នើសុំចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលើដីទំហំ ៣៤ហិកតា ៩៩អា ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព និងផ្តល់ការណែនាំឲ្យសាមីសំណើរ ត្រូវសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ក្រោមការសម្របសម្រួលពីអាជ្ញាធរស្រុកកោះកុង ដើម្បីចុះកំណត់យកនិយាមកា ធ្វើផលធៀបមុន និងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និងការវាស់វែង ត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យមន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង