បុរសជាអាជីវករលក់ដូរម្នាក់ ឃាត់ខ្លួន ទំនាស់ក្នុងគ្រួសារ ដោយយកអាល់កុល ចាក់ស្រោចលើប្រពន្ធ រួចដុតទាំងរស់ បណ្តាលរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នំា២០២២នេះ នៅចំណុចផ្ទះលេខS១៨ ផ្លូវបេតុង ក្រុម១ ភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនដៃដល់ដែលប្រើហិ.ង្សាឈ្មោះ លី ហុក ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះជា ចាន់ ឌី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ បានរងរបួសធ្ងន់ធ្ងរ រលាកមុខ ដងខ្លួន និងដៃ ។
នៅមុនពេលកើតហេតុជនដៃដល់ រួមទាំងប្រពន្ធបានជិះរថយន្តធ្វើដំណើរមកពីលេងបងប្អូន នៅពេលមកដល់មុខផ្ទះ ក៏មានទំនាស់គ្នាយ៉ាងខ្លាំង ហើយបុរសជាប្តី បានចូលទៅក្នុងផ្ទះបានទាញយកដបដាក់ទឹកអាល់កុលចំណុះ១លីត្រកន្លះ ចាក់ស្រោចលើប្រពន្ធ រួចក៏បានយកដែកកេសដុត បណ្តាលអោយឆាបឆេះរងរបួសរលាកពេញខ្លួន ។
បន្ទាប់ពីរងរបួសនារីរងគ្រោះត្រូវបានបងប្អូន បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ លុះក្រោយមក ជនរងគ្រោះ ក៏បានត្រឡប់មកវិញដាក់ពាក្យបណ្តឹង ហើយត្រូវបាននគរបាលប៉ុស្តិ៍ចុះទៅឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ១និង៣០នាទីយប់ បន្ទាប់ពីកើតហេតុប្រមាណជាង១ម៉ោង ។
ទាក់ទិនការទាស់ទែងគ្នាឈានទៅប្រើហិង្សានេះ គេពុំដឹងថា ផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ។
បើតាមនគរបាលបានអោយដឹងថា ផ្តើមចេញពីទំនាស់ក្នុងគ្រួសារ រឿងរកស៊ីលក់ដូរ ។ បន្ទាប់ពីឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានមិនបានប៉ុន្មានផង នារីជាប្រពន្ធក៏បានដកពាក្យបណ្តឹង ហើយ សម្របសម្រួលគ្នា នគរបាលក៏បានដោះលែងទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង