ករណីឃាតកម្មបង្កឱ្យស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសធ្ងន់ម្នាក់ នៅខេត្តមណ្ឌលគីរី មិនទាន់មានពន្លឺ
មណ្ឌលគិរី ៖ ករណីឃាតកម្មនេះ មានការចូលរួម ពីមន្ត្រីព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបច្ចេកទេស មន្ត្រីកោសលវិច័យ និងអង្គភាពការពារកុមារ។
នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ករណីឃាតកម្មបង្កឱ្យស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសធ្ងន់ម្នាក់ នៅខេត្តមណ្ឌលគីរី មិនទាន់មានពន្លឺ ខណៈសមត្ថកិច្ចជំនាញកំពុងបន្តស៊ើបអង្កេតបទល្មើសឃាតកម្មនេះ។
អង្គភាពការពារកុមារ បានឱ្យដឹងថា ក្រុមស៊ើបអង្កេតចម្រុះ បានចាប់ផ្ដើមស៊ើបអង្កេតឃាតកម្មទៅលើមនុស្សចាស់ ២ នាក់ និងក្មេង ៣ នាក់ និងប៉ុនប៉ងសម្លាប់ក្មេងប្រុសម្នាក់ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២។
ក្រុមការងារចម្រុះ មានស្នងការនគរបាលខេត្តមណ្ឌលគិរី នាយកដ្ឋានវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ មន្ត្រីស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារសុនខជំនាញ របស់អង្គភាពការពារកុមារ។
ក្រុមស៊ើបអង្កេតបានចំណាយពេលនៅថ្ងៃទី ២ និងថ្ងៃទី ៣ នៅឯកន្លែងកើតហេតុ តំបន់ភ្នំ ខេត្តមណ្ឌលគិរី។ ទីតាំងឧក្រិដ្ឋកម្មពិតជាពិបាកធ្វើការវាយតម្លៃខ្លាំង ខណៈដែលក្រុមជនល្មើសបានរៀបចំផែនការល្អិតល្អន់សម្លាប់គ្រួសារមួយនេះ។
ក្មេងប្រុសដែលនៅមានជីវិត ក្នុងករណីឃាតកម្មទាំងគ្រួសារនៅខេត្តមណ្ឌលគិរី ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីស្ថានភាពជំងឺមិនសូវល្អ។
សូមជំរាបថា ករណីឃាតកម្ម បានកើតឡើង នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១៖៣០ យប់ ថ្ងៃទី ១ ខែកុម្ភៈ បណ្ដាលឱ្យមនុស្សចំនួន ៥ នាក់ ក្នុងចំណោម ៦ នាក់ក្នុងគ្រួសារ បានស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់៕